ភ្នំពេញ ៖ ប្រើឥទ្ធិពលនាយឧត្តមសេនីយ៍ ឈុំ សុជាត ដើរឆបោកពលរដ្ឋស្លូតត្រង់ឱ្យចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ គឺជាចំណងជើង ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ តាមប្រភពពីប្រជាពលរដ្ឋដែលរងគ្រោះ ដោយបញ្ជាក់ថា ÷ ” មន្រ្តីស័ក្កិ៤កន្លះម្នាក់ ឈ្មោះ ហួន សីហា មានអត្តលេខ ២៣៣ ១១៩ នៅអង្គភាពកងពលធំលេខ២ កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ ត្រូវបានជនរងគ្រោះមួយចំនួន និងប្រជាពលរដ្ឋដែលជិនឆ្អន់នឹងទង្វើក្លែងបន្លំនេះ ឱ្យដឹងថា លោកវរសេនីយ៍ទោ ហួន សីហា បាននិងកំពុងតែដើរក្លែងបន្លំបុណ្យស័ក្តិ និងតួនាទីរបស់ខ្លួនជាឧត្តមសេនីយ៍ និងជាជំនួយការ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ រួចធ្វើសកម្មភាពឆបោកលុយពីពលរដ្ឋអស់ជាច្រើនគ្រួសារជាថ្នូរបានចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។

ក.ក.ន = (កំណត់ការិយាល័យនិពន្ធ) បន្ទាប់ពិបានចុះផ្សាយបានមួយថ្ងៃរបស់ CEN , គឺនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្ដីបំភ្លឺចំពោះករណីនេះ ដោយបានបញ្ជាក់ថា លោកមិនមានជំនួយការ ឈ្មោះ ហួន សីហា នេះទេ ហើយលោកសូមលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចចាត់ការទៅលើបុគ្គលនេះតាមច្បាប់។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយរបស់ CEN គឺអនុវត្តស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា, ជាការ គោរពវិជ្ជាជីវៈ និងក្រមសីលធម៌នៃរបបសារព័ត៌មាននោះ មជ្ឈមណ្ឌលព័ត៌មាន CEN ទទួលយកសេចក្ដីបំភ្លឺរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ដោយចុះផ្សាយខ្លឹមសារដើមទាំងស្រុងដូចតទៅ ÷
នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានចេញបដិសេធថា លោកមិនមានជំនួយការឈ្មោះ ហួន សីហា នោះទេ និងស្នើឲ្យមានការស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់
សេចក្តីបំភ្លឺ
នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់ខ្ញុំ ដោយបានយកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម។

ខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ។
ជុំវិញបញ្ហានេះ ខ្ញុំសូមស្នើ និងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់។
ខ្ញុំសូមលើកទឹកចិត្ត ឲ្យមានការដាក់ពាក្យបណ្ដឹងដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ប្រសិនបើមានបុគ្គលណាមួយរងគ្រោះ ដោយសារបុគ្គលខាងលើនេះ។
ការិយាល័យនិពន្ធ CEN សូមបញ្ជាក់ផងដែរថា រាល់ការផ្សាយរបស់សារព័ត៌មាន CEN សុទ្ធតែទទួលបានប្រភពព័ត៌មានពីភាគីពាក់ព័ន្ធក្នុងករណីនីមួយៗ ហើយចំពោះការផ្សាយទាក់ទងទៅនឹងលោកស័ក្កិ៤កន្លះ ឈ្មោះ ហួន សីហា យកឈ្មោះ នាយឧត្តមសេនីយ៍ ឈុំ សុជាត ទៅប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងដើរឆបោកគេនេះ គឺមិនមានគោលបំណងណាមួយដើម្បីបន្តុះបង្អាប់កិត្តិយស នាយឧត្តមសេនីយ៍ ឈុំ សុជាត នោះទេ រឹតតែមិនមានបំណងបន្តុះបង្អាប់ក្រសួងការពារជាតិថែមទៀត , ប៉ុន្តែជាការពិតទៅ CEN ធ្វើការផ្សាយ គឺដើម្បីជូនដំណឹងទៅថ្នាក់ដឹកនាំ និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំង នាយឧត្តមសេនីយ៍ ឈុំ សុជាត ផង ដើម្បីមានវិធានការទៅលើបុគ្គលខិលខូច ឈ្មោះ ហួន សីហា ដែលកំពុងប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំក្រសួងការពារជាតិ ទៅដើរឆបោកគេតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ក.ក.ន CEN


