ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តTAKOMAមួយគ្រឿង ក្នុងល្បឿនលឿនបត់មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូតូចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ចំណុចជាប់រង្វង់មូលនាងមច្ឆារ ស្ថិតនៅតាមបណ្តោយផ្លូវ អូស៊ីអាយស៊ី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ លី ណាំឈីវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិបឹកក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរស២នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល1AN-2782 ជិះតាមបណ្តោយផ្លូវ អូស៊ីអាយស៊ីក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកTAKOMAមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BG-6730 បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន បានបត់ឆ្វេងបម្រុងនិងចូលផ្លូវវិថីបឹងឡាយ ក៏ជ្រុលទៅបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់ ជាម្ចាស់មូតូបាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





