Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លាក់កម្ពុជា កាន់តែមានភាពទាក់ទាញ ខណៈពេលដែលជាតិខិតខំយកចិត្តទុកដាក់រហូតប្រែក្លាយទៅជារបរមួយសម្រាប់ជួយដល់ជីវភាព

ពោធិ៍សាត់៖ ចម្លាក់ថ្មកែវ និងថ្មធម្មជាតិជាច្រើនប្រភេទ នៅខេត្តពោធិ៍សាត់ មានភាពល្បីល្បាញជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន សិល្បៈ​ចម្លាក់​នេះ បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ​ដោយ​សារបញ្ហា​ហិរញ្ញវត្ថុ​ ដែលបណ្តាលមក​ពី​តម្រូវ​ការ​ទីផ្សារ​ទាប។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានលើកឡើងពីបញ្ហានេះ និងបង្ហាញពីក្តីបារម្ភរបស់ខ្លួន ចំពោះការកែច្នៃខ្លះ បានប្រាសចាកពីទម្រង់ដើម ដែលជាស្នាដៃបញ្ជាក់ពីអត្តសញ្ញាណប្រចាំខេត្ត ហើយនឹងបញ្ហាធំមួយទៀតនោះ គឺការធ្វើចំណាកស្រុកមកកាន់រាជធានីធ្វើការរោងចក្រ ឬសំណង់ ឬក៏ទៅធ្វើជាងចម្លាក់ នៅប្រទេសថៃក៏មាន ដើម្បីទទួលបានកម្រៃជួយជីវភាពគ្រួសារបានកាន់តែល្អប្រសើរ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​តែងតែ​រៀបចំ​សិក្ខាសាលា និង​ផ្តល់​គ្រូ​បង្រៀន​ផ្នែក​សិល្បៈ​ចម្លាក់ជាប្រចាំ ទៅដល់ម្ចាស់អាជីវកម្ម ក៏ដូចអ្នកដាប់ចម្លាក់ផ្ទាល់ដើម្បីជួយពួកគេយល់ច្បាស់ពីមូលដ្ឋានក្បាច់ចម្លាក់ខ្មែរ។ លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិសាត់ បានមានប្រសាសន៍ថា លោកចង់រក្សាអាជីពនេះឱ្យនៅគង់វង្សក្នុងប្រទេសកម្ពុជា ។​ មិនមែនត្រឹមតែថៃទេ ដែលជាងចម្លាក់ខ្មែរយើង ទៅស៊ីឈ្នួលដាប់ឆ្លាក់ កន្លងមក អ្នកជំនាញច​ម្លាក់យើងក៏ធ្លាប់មានទៅធ្វើជាជាងចម្លាក់នៅប្រទេសបារាំងដែរ។ វាមិនជារឿងគួរព្រួយបារម្ភពេកទេថាខ្លាចបាត់បង់ទៅជាស្នាដៃគេ ព្រោះអាជីពមួយនេះខ្មែរអ្នកធ្វើ ក្បាច់ឆ្លាក់ ចម្លាក់ ក៏នៅតែចេញពីបេះដូងខ្មែរវានៅតែគេមើលដឹងថាជារបស់ខ្មែរបើទោះមានវត្តមាននៅស្រុកគេក៏ដោយ។

លោក ឡាច​ ផេងលី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ពោធិ៍សាត់ បានមានប្រសាសន៍ថា “យើងពិតជាមានមោទតនភាពណាស់ដែលខេត្តពោធិ៍សាត់របស់យើងមានថ្វីដៃពូកែផ្នែកចំលាក់ រតនៈសម្បត្តិ ដែលក្នុងនោះមានចម្លាក់ថ្មកែវផងដែរ។”

លោក ឡាច​ ផេងលី បានបន្តថា “ចម្លាក់ទាក់ទងនឹងអប្សរា រូបព្រះបដិមា និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ អ្វីដែលគេនិយមធ្វើគឺព្រះបដិមា និងចម្លាក់ព្រះនរាយណ៍”

លោក ទូច ម្ចាស់សិប្បកម្មចម្លាក់ បានឱ្យដឹងថា “កាលពីសម័យមុន សាលារចនាមានក្រុមចម្លាក់ដែលជំនាញៗប្រចាំខេត្តពោធិ៍សាត់។ ក្រោយមកក្រុម នោះបានបង្រៀនអ្នកផ្សេងៗ ដែលធ្វើឱ្យសិល្បះមួយនេះបានរីកគ្រប់ទិសទីនៅក្នុងខេត្តមួយនេះ ហើយក៏ មានសិប្បកម្មចម្លាក់នៅតាមផ្ទះរហូតមកដល់បច្ចុប្បន្ន។”

លោក ទូច បន្តថា “ខ្ញុំចាប់ផ្តើមការងារមួយនេះជាង១០ឆ្នាំមកហើយ នៅពេលនេះសហគ្រាសរបស់ខ្ញុំក៏បន្លែមការកែច្នៃរបស់ ផ្សេងៗទៀតជាច្រើនដែលមានដូចជា៖ ការផលិតថ្មម៉ាប ក្រឡឹងសម្រាប់លម្អរផ្ទះ”

លោក​ សុខ​ វិចិត្រ ជាងចម្លាក់​ បាននិយាយថា “ខ្ញុំប្រកបរបរមួយនេះជាង១០ឆ្នាំមកហើយ ខ្ញុំរៀនរបៀបចម្លាក់នេះពីលោកគ្រូម្នាក់ឈ្មោះ ម៉ាប់ ដែលរស់ នៅក្នុងខេត្តពោធិ៍សាត់នេះ។”

ដោយឡែកលោក ទូច ម្ចាស់សិប្បកម្មចម្លាក់ បានបន្តថា​ “យើងផលិតចម្លាក់សព្វថ្ងៃគឺគោរពតាមការណែនាំរបស់ក្រសួង ដែលគាត់បានផ្តល់សៀវភៅណែនាំមកកាន់ សហគ្រាសរបស់ខ្ញុំ។ ដែលក្នុងសៀវភៅនោះមានការណែនាំពី គំរូ ខ្នាតព្រះបដិមា។ ខាងក្រសួងតែងតែ អញ្ជើញពួកខ្ញុំទៅចូលរួមសិក្ខាសាលាណាស់ គាត់បានពន្យល់ពីក្បួនខ្នាតរបស់ចម្លាក់។”

លោក ទូច​ បានបន្តទៀតថា “ចម្លាក់គឺវាមានលាយគ្នារវាងបុរាណ និងសម័យ ឬមានការផ្លាស់ប្តូរទៅតាមសម័យកាល អាស្រ័យទៅលើអ្នក បញ្ជាទិញ យើងអាចច្នៃទៅតាមពួកគាត់។”

លោក​ សុខ​ វិចិត្រ​ ជាងចម្លាក់ បានឱ្យដឹងថា “ខ្ញុំអាចធ្វើបាន៩០%ទៅតាមការណែនាំរបស់អ្នកបញ្ជាទិញឬតាមរូបថតដែលពួកគាត់ប្រគល់ឱ្យទុកជាគំរូ។”

លោក ឡាច​ ផេងលី បានលើកឡើងថា “សព្វថ្ងៃនេះគឺមានការព្រួយបារម្ភខ្លាំងពីការកែច្នៃដែលនាំឱ្យបាត់ទម្រង់ចម្លាក់ប្រចាំខេត្តពោធិ៍សាត់។” លោក បន្ថែមថា “យើងតែងតែដឹកនាំធ្វើសិក្ខាសាលាសម្រាប់អ្នកវិចិត្រករទាំងនោះ ដើម្បីឱ្យគាត់ដឹងគាត់យល់ពីទម្រង់ចម្លាក់ ព្រះបដិមាដែលជាភាពស្អាតមានតែមួយប្រចាំខេត្តពោធិ៍សាត់។”

ជាមួយគ្នានេះ លោក ទូច បានឱ្យដឹងដែរថា “បច្ចុប្បន្នអ្នកជំនាញបានខាងចម្លាក់ប្រចាំខេត្តពោធិ៍សាត់បានចំណាកស្រុកទៅប្រទេសថៃច្រើនតាមរយៈការណែនាំពីអ្នកដែលគាត់ស្គាល់។ ពេលទៅដល់ប្រទេសថៃគាត់ពិតជារកចំណូលបានច្រើនពិតមែនតាមការ ចម្លាក់ ដែលប្រើក្បាច់រចនាបទរបស់ខ្មែរ ព្រោះប្រទេសថៃទទួលស្គាល់ក្បាច់រចនារបស់កម្ពុជាណាស់។ រាល់ចម្លាក់ទាំង នោះគឺមានទីផ្សារល្អណាស់នៅប្រទេសថៃ។”

 លោក​ សុខ​ វិចិត្រ បាននិយាយថា “នៅពេលដែលពួកគេមានជម្រើសច្រើននោះគេនឹងសម្រាច់ចិត្តធ្វើចំណាកស្រុក ជាពិសេសទៅប្រទេសថៃ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាចំណូលសព្វថ្ងៃ និងការឱ្យតម្លៃលើការងាររបស់ខ្ញុំសព្វថ្ងៃ ខ្ញុំសប្បាយចិត្តនឹងនៅស្រុកខ្មែរ ខ្ញុំនឹងមិនចំណាកស្រុកទៅបរទេសនោះទេ។”

លោក ឡាច​ ផេងលី​ បានឱ្យលើកឡើងដែរថា ខ្ញុំយល់ថាទោះប្រទេសថៃលក់ចម្លាក់ដែលមានក្បាច់រចនារបស់ខ្មែរក្នុងប្រទេសក៏ដោយ ក៏ភាពល្បីល្បាញ របស់ខ្មែរមិនរលាយនោះទេ។ សម្រាប់ថ្ងៃអនាគត់យើងនឹងរក្សាភាពដ៏ប៉ិនប្រសប់ផ្នែកខាងចម្លាក់ប្រចាំខេត្ត ពោធិ៍សាត់អោយនៅគង់វង្ស។ ហើយសម្រាប់អ្នកដែលមានប៉ិនប្រសប់ មិនមែនតែថែទេដែលចង់បាន សូម្បីតែ ប្រទេសបារាំងក៏គេចង់បានផងដែរ។ ប៉ុន្តែខ្ញុំជឿថា មរតក និង ខួរក្បាល​របស់អ្នកទាំងនោះ នៅតែជាខ្មែរដ៏ដែល៕​ ប្រភព៖ A24

×