ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្លន់ទូរស័ព្ទដៃ និងកាបូបប្រាក់ និងករណី រំលោភលើទំនុកចិត្ត ខ្ចីម៉ូតូគេយកទៅបញ្ចាំ ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលំ ក្រុម៣៥ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកាំបិតកែច្នៃភ្ជង់គំរាមប្លន់យកទូរស័ព្ទដៃ និងកាបូបប្រាក់ ប្រព្រឹត្តនៅចំណុចផ្លូវលំ ក្រុម៣៥ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០១និង០០នាទី រំលងអធ្រាត្រ។

ជនសង្ស័យឈ្មោះ ហាន វិស្នុ ហៅ ត្រេន ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ កាំបិតកែច្នៃ ប្រវែង ៥០សង់ទីម៉ែត្រ មានដងជ័រពណ៌ខ្មៅ ចំនួន០១ដើម។ សម្ភារៈបាត់ បង់៖ ទូរស័ព្ទដៃ ចំនួន០២ គ្រឿង និងកាបូបប្រាក់។
ចំណែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ទី៣ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកបញ្ចាំ ) នៅនៅចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី ៣ ខណ្ឌ ពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកស៊ុយសុគី ឡេត ចំនួន ១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


