ភ្នំពេញ ៖ អ្នកបើកបររថយន្តម្នាក់ និងអ្នកប្រមូលសំរាមពីរនាក់ ត្រូវបានរថយន្តរបស់គ្លីនិកឯកជន ដឹកទៅសង្គ្រោះភ្លាមៗ ខណៈពេលដែលបើករថយន្តប្រមូលសំរាម ជ្រុលទៅរថយន្តដឹកជ្រូក ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី ១២ខែមីនាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ២១៧ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តធំៗដឹកជ្រូកប្រហែលចំនួន៥ទៅ ៦ ក្បាលបើកតាមផ្លូវបេតុងទិសដៅពីលិចទៅកើត បំណងឆ្លងផ្លូវ២១៧ បត់ឆ្វេង តែមិនទាន់ឆ្លងផុតផង ស្រាប់តែមានរថយន្តប្រមូលសំរាម បើកតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តដឹកជ្រូក ចំពាក់កណ្ដាលហើយគាមគ្នាឡើងលើចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកបើកបររថយន្តប្រមូលសំរាម និងអ្នកកម្មករប្រមូលសំរាម រងរបួសធ្ងន់ស្រាល ភ្លាមនោះ អ្នករងរបួស ត្រូវបានរថយន្តរបស់គ្លីនិកឯកជន ដឹកទៅសង្គ្រោះភ្លាម។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះទៅដល់ទីតាំងនៅកន្លែងកើតហេតុ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ដើម្បីចុះទៅធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង យកមករក្សាទុកនៅ អធិការដ្ឋានខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





