Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមសមត្ថកិច្ចពាក់ព័ន្ធ ជួយស្រាវជ្រាវរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ លោកគ្រូមហាជុំ អ៊ាង គង្គា ផង គេចពន្ធឬយ៉ាងណា?

ភ្នំពេញ ៖ បន្ទាប់ពីល្បីល្បាញត្រូវមហាជនជេរប្រមាថស្ទើរតែគ្រប់ក្នុងបណ្តាញសង្គមទៅលើ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ អតីតពិធីករទូរទស្សន៍មួយ និងឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ ដែលរៀបចំពិធីបួងសួងរំលឹកគុណព្រះម៉ែស្ដេចនាគ ហើយពួកគេអះអាងថា មានស្ដេចនាគចូលសណ្ឋិត ខ្លះរាំពត់ពេន ខ្លះយំ នោះ ឥឡូវមកល្បីរឿងមួយទៀតហើយ គឺរឿងលោក អ៊ាង គង្គា ហៅគ្រូមហាជុំ ប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ ដោយមហាជនចោទជាសំណួរថា តើលោកគ្រូមហាជុំ អ៊ាង គង្គា រូបនេះ ធ្វើការនៅអង្គភាពរដ្ឋមួយណាពិតប្រាកដ បានជាមានសិទ្ធិប្រើប្រាស់ស្លាកលេខខេមរៈភូមិន្ទ ជាស្ថាប័នក្រសួងការពារជាតិទៅវិញ?

តាមពិតទៅដំបូងឡើយ គេបានដឹងថា លោក អ៊ាង គង្គា ហៅគ្រូមហាជុំ គឺជាពិធីករទូរទស្សន៍ក្នុងស្រុកមួយ ផ្នែកព័ត៌មាន ប៉ុន្តែក្រោយមកក៏តាំងខ្លួនធ្វើជាគ្រូហោរ មានទស្សន៍ទាយ ណែនាំវត្ថុស័ក្ដិសិទ្ធិ បួងសួងសុំបារមីផ្សេងៗ និងនិយាយពីរឿងលាបជ័យ គ្រោះថ្នាក់ផ្សេងៗ, គេមិនដឹងដែរថា តើលោកគ្រូរូបនេះ ជាមន្ត្រីយោធាបម្រើការនៅក្រសួងការពារជាតិ ឬនៅអង្គភាពមូលដ្ឋានទ័ពមួយណា ទើបបានប្រើប្រាស់រថយន្តស៊េរីទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ ទៅវិញ? ព្រោះបើតាមច្បាប់ គឺគ្មានបុគ្គលឯកជនណាអាចទៅប្រើប្រាស់រថយន្តរបស់អង្គភាពកងយោធពលខេមរភូមិន្ទ ឬក្រសួងការពារជាតិបាននោះទេ វៀរលែងតែបុគ្គលនោះ (ឬលោកគ្រូមហាជុំ) ជាមន្ត្រីយោធា ឬមន្ត្រីកងយោធពលខេមរភូមិន្ទ ទើបអាចមានសិទ្ធិ។

ទាក់ទងនឹងរថយន្តរថយន្ត Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ នេះទៀត ការប្រភពព័ត៌មានពីអ្នកតាមដានហេតុការណ៍ បានឲ្យដឹងថា មានពេលខ្លះម្ដងគេឃើញ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះធ្វើដំណើរទៅនេះទៅនោះអីចឹងទៅ, មានពេលខ្លះទៀតក៏ឃើញ ឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ ជិះទៅនេះទៅនោះវិញអីចឹងទៅ គឺមានពេលខ្លះចែករំលែកគ្នាជិះម្ដងម្នាក់។ និយាយឲ្យស៊ីជម្រៅទៅ គឺអ្នកណាជិះ ក៏ទៅ, បញ្ហាសំខាន់ គឺគោរពច្បាប់បង់ពន្ធត្រឹមត្រូវ។

ចំពោះបញ្ញត្តិច្បាប់ទម្លាប់នៃអង្គភាពស្ថាប័នរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ រួមមាន នគរបាលកងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ដែលអាចប្រើប្រាស់រថយន្តរដ្ឋបាន គឺរថយន្តនោះត្រូវតែបម្រើការងារជូនអង្គភាពជាកំហិត ដូចជាត្រូវប្រើប្រាស់ជិះចុះធ្វើការនៅតាមមូលដ្ឋាន, អ្នកខ្លះអាចមានឋានៈកាន់កាប់រថយន្តរដ្ឋមជិះចេញផ្ទះខ្លួនឯងទៅធ្វើការនៅការិយាល័យ ឬអង្គភាព, ឬក្រុមដឹកជញ្ជូនសម្ភារ:បរិក្ខារផ្សេងៗរបស់អង្គភាព, តែចាំបាច់រថយន្តនោះត្រូវតែបំពាក់សញ្ញាសម្គាល់ឡូហ្គោនៃអង្គភាពនោះ, ដូចជា ស្លាកលេខ ” មន្ត្រីរាជការ, រដ្ឋាភិបាល , រដ្ឋសភាព្រឹទ្ធសភា, និងមានលិខិតអនុញ្ញាតបញ្ជាក់ត្រឹមត្រូវ។

ចំណែកឯខាងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទវិញ បើមន្ត្រីនគរបាលអាចប្រើប្រាស់រថយន្តពណ៌ស ប៉ុន្តែត្រូវបំពាក់ឡូហ្គោ អង្គភាពនគរបាល, បើមន្ត្រីកងរាជអាវុធហត្ថ អាចប្រើប្រាស់រថយន្តពណ៌ត្រេអ៉ី ត្រូវបំពាក់ឡូហ្គោ អង្គភាពកងរាជអាវុធហត្ថ, បើខាងមន្ត្រីកងយោធពលខេមរភូមិន្ទ ត្រូវប្រើប្រាស់រថយន្តពណ៌ត្រេអ៉ីជាដាច់ខាត និងបំពាក់ឡូហ្គោនៃអង្គភាពក្រសួងការពារជាតិ។ ចុះហេតុអ្វីបានជារថយន្តរបស់លោកគ្រូមហាជុំ អ៊ាង គង្គា ដែលជារថយន្តឯកជនផ្ទាល់ខ្លួន ពណ៌ស សោះ ស្រាប់តែមកប្រើប្រាស់ស្លាកលេខ ” ខេមរភូមិន្ទ ” របស់ក្រសួងការពារជាតិទៅវិញ? គឺ ខុសទាំងពណ៌ និងមិនមានបំពាក់ឡូហ្គោ ក្រសួងការពារជាតិនោះឡើយ, កាយវិការបែបនេះ គឺជាការបង្កភាពអនាធិបតេយ្យនៃការប្រើប្រាក់យានជំនិះ, និងកេងប្រវ័ញ្ចលុយរដ្ឋ ដោយសារតែមិនចូលបង់ពន្ធត្រឹមត្រូវ , ឬមួយថា បើលោក អ៊ាង គង្គា ចូលបង់ពន្ធរួចហើយក៏ដោយ ក៏មិនត្រូវប្រើប្រាស់ស្លាកលេខ ” ខេមរភូមិន្ទ ” ដែរ ព្រោះថា តើលោកមានមុខនាទីអ្វីនៅក្រសួងការពារជាតិទៅ បានជាប្រើប្រាស់ស្លាកលេខ ” ខេមរភូមិន្ទ? “។

សូមបញ្ជាក់ថា ការលួចប្រើប្រាស់ស្លាកលេខក្លែងក្លាយ ( ឬបន្លំស្លាកលេខធ្វើជារថយន្តអង្គភាពរដ្ឋនានា) បំពាក់លើរថយន្តឯកជន តាមការប៉ាន់ប្រមាណរបស់មន្ត្រីជំនាញ គយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា មានរហូតដល់ទៅជាង ១ម៉ឺនគ្រឿងឯណោះ ឥឡូវនេះទើបតែមានបុគ្គលខ្លះភ្ញាក់ខ្លួនចូលទៅបង់ពន្ធ និងកែរថយន្តពីចង្កូតស្ដាំទៅឆ្វេងដើម្បីឲ្យបានស្របច្បាប់ ទើបតែមានចំនួនជាង ៥ពាន់គ្រឿងប៉ុណ្ណោះ។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កូតឆ្វេង និងរថយន្តចង្កូតស្តាំ (កែចង្កូតរួច) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០%។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានប្រាក់ពន្ធជិត៥០លានដុល្លារ ជាចំណូលថវិកាជាតិ។

លោករដ្ឋមន្ត្រីប្រតិភូ ឱ្យដឹងទៀតថា សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង ទើបជាការត្រឹមត្រូវក្នុងការប្រើប្រាក់រថយន្ត។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកលេខផ្សេងៗ គឺត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, បើចូលដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ គឺជាពេលវេលាដែលត្រូវសមត្ថកិច្ចចម្រុះដឹកនាំដោយជំនាញគយ និងរដ្ឋាករ ចុះបង្ក្រាបនៅតាមបណ្ដាផ្លូវសាធារណៈនានា។

ដូច្នេះទេ លោកគ្រូមហាជុំ អ៊ាង គង្គា អតីតពិធីករព័ត៌មាននៅទូរទស្សន៍មួយ… ជិះរថយន្តឯកជនផ្ទាល់ខ្លួន ពណ៌ស សោះ ស្រាប់តែមកប្រើប្រាស់ស្លាកលេខ ” ខេមរភូមិន្ទ ” របស់ក្រសួងការពារជាតិទៅវិញ តើអាចថា ជាទង្វើអនាធិបតេយ្យក្នុងការប្រើប្រាក់យានជំនិះ បន្លំគេចពន្ធ និងកេងប្រវ័ញ្ចលុយរដ្ឋដែរទេ? សូមសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស សមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា មេត្តាស្រាវជ្រាវពិនិត្យមើលរថយន្តស៊េរីទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ របស់លោក អ៊ាង គង្គា ហៅលោកគ្រូមហាជុំនេះផង តើជាការបំពានបទប្បញ្ញត្តិ និងកេងប្រវ័ញ្ចលុយរដ្ឋ ឬជារថយន្ដគេចពន្ធ ឬយ៉ាងណា?

សូមរំលឹកផងដែរថា មុននេះបន្តិច លោក អ៊ាង គង្គា ហៅគ្រូមហាជុំ រួមជាមួយ ឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ និងបរិវារភីលៀង ជាច្រើននាក់ បានទៅធ្វើបុណ្យរំលឹកដល់គុណព្រះម៉ែនាគ នៅលើផ្ទៃទន្លេបួនមុខ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ធ្វើឲ្យប្រជាពលរដ្ឋ មហាជន ដែលប្រើប្រាស់បណ្ដាញសង្គម រិះគន់ស្ដីបន្តោសយ៉ាងចាស់មាត់ ខ្លះជេរប្រមាថ ខ្លះជិនឆ្អន់ចំពោះឫកពា ដែលសម្ដែងមិនសមទំនង ខ្លះថាបោកប្រាស់ចំតែម្ដង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×