ភ្នំពេញ ៖ អតីតារាសម្តែងខាងទឹកភ្នែកអ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញអារម្មណ៍ប្រាថ្នាចង់បង្ហាញស្នាដៃសម្តែងរឿងមួយលើកចុងក្រោយទៀត មុនពេលដែលនាងនឹងត្រូវបញ្ចប់សិល្បៈទាំងស្រុង ក្នុងពេលដែលនាងនៅតែមានចិត្តស្រឡាញ់សិល្បៈនេះដដែល បើទោះបីជានាងបានសាងគ្រូសារយ៉ាងមានសុភមង្គល នៅលើទឹកដីប្រទេសអូស្ត្រាលីអស់ជាច្រើនឆ្នាំមកហើយក្តី។

ដាញ់ ម៉ូនីកា នៅតែចិញ្ចឹមចិត្តចង់ចូលសម្តែងជាថ្មីម្តងទៀត ដើម្បីបង្ហាញនូវស្នាដៃចុងក្រោយសម្រាប់ទស្សនិកជន មុនពេលដែលនាងនឹងបញ្ចប់អាជីពសិល្បៈនេះ ទាំងស្រុងនាពេលខាងមុខ បើទោះបីជាពេលនេះនាងហាក់ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈនេះអស់ជាច្រើនឆ្នាំក៏ដោយ។
តារាស្រីក្នុងរឿង ទុំទាវ នាង ដាញ់ ម៉ូនីកា បានលើកឡើងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា រហូតមកទល់នាពេលនេះ នាងពិតជាមានការនឹករលឹកយ៉ាងខ្លាំង ដល់ទស្សនិកជន ជាពិសេសប្រិយមិត្តដែលធ្លាប់គាំទ្រ ការសម្តែងរបស់នាងនាពេលកន្លងមក ខណៈពេលដែលក៏ចង់បង្ហាញស្នាដៃថ្មីចុងក្រោយមួយទៀត សម្រាប់ទស្សនិកជនផងដែរ។

នាងបញ្ជាក់ថា បើមានឱកាសនាងនឹងសម្តែងជាថ្មីម្តងទៀត សម្រាប់ទុកជាស្នាដៃចុងក្រោយរបស់នាងសម្រាប់ទស្សនិកជន ដែលនិយមនិងចូលចិត្តការសម្តែងរបស់នាង ព្រោះនាងបានបាត់វត្តមានក្នងអាជីពសិល្បៈនេះអស់ជាច្រើនឆ្នាំមកហើយ។នាងបន្តថា សិល្បះនេះហើយដែលធ្វើឲ្យនាងមានមុខដល់ពេលនេះ ហេតុនេះនាងនៅតែមានការនឹករលឹកក្នុងអាជីពសម្តែងនេះដដែល ប៉ុន្តែកន្លងមកដោយសារតែនាងមានភារកិច្ចមើលថែគ្រូសារ និងរវល់ការងារមួយចំនួនទៀតនៅប្រទេសអស្ត្រាលីឆ្ងាយពីមាតុភូមិទៀតនោះ ទើបនាងគ្មានឱកាសសម្រាប់ការសម្តែងនេះឡើយ។
យ៉ាងណា បើតាម ដាញ់ ម៉ូនីកា រហូតមកទល់ពេលនេះនាងនៅតែមានការនឹករលឹកយ៉ាងណាខ្លាំងដល់ទស្សនិកជនខ្មែរទាំងអស់ ហើយនាងក៏បានថ្លែងអំណរគុណដល់ទស្សនិកជនផងដែរសម្រាប់ការគាំទ្រដល់រូបនាងរហូតមកទល់នាពេលនេះ បើទោះបីជានាងបានចាកចេញពីសិល្បៈ និងកសាងគ្រួសារនៅក្រៅប្រទេសអស់ជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ថា ដាញ់ ម៉ូនីកា បាននាំស្វាមី និងកូនៗរបស់នាងមកលេងមាតុភូមិកំណើតកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ខណះពេលដែលការមកលេងស្រុកខ្មែរនាពេលនេះនាងមានគោលបំណងជួបជុំមិត្តភក្តិចាស់ទាំងក្នុង និងក្រៅសិល្បះរបស់នាង ហើយក្រៅពីនោះនាងក៏មានភារកិច្ចមួយចំនួនទៀត ដែលត្រូវបំពេញ។
មកជាន់ដីស្រុកខ្មែរភ្លាម អ្នកនាង ដាញ់ ម៉ូនីកា ក៏បានបង្ហោះសារតាមហ្វេសប៊ុកប៉ុន្មានឃ្លាថា៖ “មកដល់ដោយសុវត្ថិភាព អរគុណសម្រាប់ពាក្យជូនពរ របស់បងប្អូនទាំងអស់គ្នា ទោះជាបែកគ្នាយូរប៉ុនណា ប៉ុន្តែក្តីនឹករឭក និង ក្ដីស្រឡាញ់រាប់អានគ្នាដូច បងប្អូននៅតែដដែល នឹករឭកមកដល់បងប្អូនទាំងអស់គ្នាអរគុណបងសម្លាញ់” ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











