ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ជនជាតិខែ្មរម្នាក់ និង ជនជាតិអាមេរិកកំាងម្នាក់ និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ជួញដូរគ្រឿងញៀនជាង ៤២ គីឡូក្រាម ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់តុលាការបានឱ្យដឹងថា ជនត្រូវចោទ២នាក់ខាងលើមាន៖ ទី១- ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិចកាំង ។ ទី២- ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ ១៩៩៣ ។
ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុកនិងជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៤២គីឡូ និង ៧២៤ ក្រាម ។
ជនសង្ស័យទំាងពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក៕ រក្សាសិទ្ធិដោយ ចន្ទា ភា




