ភ្នំពេញ : លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ CEN នៅថ្ងៃទី១៤ ខែមីនានេះថា ពាក់ព័ន្ធនឹង ទៅនឹងការថ្កោលទោសរបស់សមាគមសារព័ត៌មាន ខេមបូចា បានចោទប្រកាន់ថា អ្នកសារព័ត៌មាន VOD ពីររូប ត្រូវបានគំរាមកំហែងដោយកម្លាំងអាជ្ញាធរ មិនឲ្យថតរូប និងបង្ខំឲ្យលុបរូបភាព ក្នុងកំឡុងពេលយកព័ត៌មានអំពីការបន្តធ្វើកូដកម្មនៅណាហ្គាវើលដ៍ ជារឿងមិនពិតដូចការចោទប្រកាន់ នោះ ។
អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា បើតាមការរាយការណ៍របស់មន្ទីរ ព័ត៌មាន រាជធានីភ្នំពេញ ដោយបានបញ្ជាក់ជាមួយលោកស្នងការរងទទួលបន្ទុកកិច្ចការនៅទីតាំងនោះបានបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួននៅទីតាំងនោះ អ្នកការសែតនោះ បានចូលទៅក្នុងក្រុមបាតុករ ហើយសមត្ថកិច្ចស្មានថាពួកគាត់ជាក្រុមបាតុករ ដែលសមត្ថកិច្ច តម្រូវ អោយឡើងរថយន្តដើម្បីទៅធ្វើចត្តាឡីស័ក ប៉ុន្តែ នៅពេលលោកស្នងការរងចុះទៅពិនិត្យ និងសួរនាំទើបដឹងថាជាអ្នកសារ ព័ត៌មាន ហើយក៍មិនបានតម្រូវអោយឡើងរថយន្តដើម្បីធ្វើចត្តាឡីស័កនោះទេ។ សមត្ថកិច្ចពុំបានគំរាមកំហែងអោយលុបរូបភាពនោះទេ។ កាលដែលអ្នកកាសែតនោះ លើកឡើងថា សមត្ថកិច្ច គំរាមកំហែងឲ្យលុបរូបភាពនោះ វាជារឿងមិនពិតនោះទេ នេះជាការ ចោទប្រកាន់របស់ពួក គាត់មកលើសមត្ថកិច្ចតែប៉ុណ្ណោះ។ ដូច្នេះសមត្ថកិច្ច មិនបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះនោះទេ ហើយករណីនេះ ក៏មិនអាចចោទប្រកាន់ សមត្ថកិច្ចថា បានគំរាមកំហែង ឬធ្វើទុក្ខបុកម្នេញដល់អ្នកកាសែតនោះដែរ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការអនុវត្តសិទ្ធិសេរី ភាព និងការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារ ព័ត៌មាន ត្រូវបានធានាការពារដោយច្បាប់ នឹងលិខិតបទដ្ឋានគតិយុត្តិ ជាធរមាន ។ ដូច្នេះលោកសូម លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នៅកម្ពុជា សូមប្រើសិទ្ធិនេះឲ្យបានត្រឹមត្រូវតាមច្បាប់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងគោរពឲ្យបានជានិច្ចនូវក្រម សីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងមិនគួរគប្បីប្រើប្រាស់សិទ្ធិនេះ ទៅបំពានដល់សិទ្ធិ និងតួនាទីភារកិច្ចរបស់អ្នកដទៃនោះឡើយ និងក៍សូមអំពាវនាវផងដែរសូម ឲ្យអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងនូវកិច្ចសហការល្អ និងឈរលើស្មារតីខ្ពស់ ក្នុងការគោរពសិទ្ធិ គ្នាទៅវិញទៅមក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

