យុវតីម្នាក់ តូចចិត្តខ្លួនឯងរៀនធ្លាក់ចំណាត់ ព្រោះធ្លាប់ជាសិស្សពូកែ ហើយត្រូវមិត្តភក្តិរួមថ្នាក់បង្អាប់ ដែលសូម្បីតែគ្រូក៏ស្តីបន្ទោសឲ្យ កើតជាជំងឺបាក់ទឹកចិត្ត ក៏បានសម្រេចចិត្តធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនតែម្តង។
យុវតីគិតខ្លីរូបនេះ ដែលមានឈ្មោះ ជា វិជ្ជរ៉ា អាយុ ១៥ ឆ្នាំ រៀនថ្នាក់ទី១០ B នៃវិទ្យាល័យសម្តេចម៉ែជុប និងមានទីលំនៅក្នុងភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តលោតទឹកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពីលើស្ពានគីហ្សូណា នៅវេលាម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយបានបន្យល់ទុកស្បែកជើង កាតាប និងសំបុត្របណ្តាំចុងក្រោយមួយ។
នៅក្នុងសំបុត្របណ្តាំនោះ យុវតីរូបនេះបានសរសេររៀបរាប់ឲ្យដឹងថា «ខ្ញុំល្ងង់ខ្លួនឯង ដែលរើសផ្លូវនេះ តែខ្ញុំគិតថាវាជាជម្រើសល្អហើយ ធ្លាប់ជាសិស្សពូកែដែលធ្វើឲ្យអ្នកគ្រប់គ្នាមានមោទនភាព តែពេលនេះ សូម្បីតែគ្រូក៏គាត់ដៀលដែរ ខ្ញុំពិតជាមិនអាចធ្វើឲ្យប៉ាម៉ាក់បានដូចបំណង ចឹងហើយទើបខ្ញុំរើសផ្លូវនេះ កុំយំអី ខ្ញុំរើសចឹងត្រូវហើយ បងឈីង គេងម្នាក់ឯងបាត់អូន ចឹងប្រហែលរាងប្លែកតិចហើយ តែមិនអីទេ តិចទៀតស៊ាំហើយ ភ្លេចប្រាប់អូនចូលចិត្តផ្កាម្លិះ និងកុលាប ទិញដាក់បន្ទប់អូនផង អូនចូលចិត្តវាណាស់ Bye Bye….»។
ជាមួយការស្លាប់របស់យុវតីខាងលើ ក៏មានមតិលើកឡើងថា៖ «ពាក្យសម្តីខ្លះអាចសម្លាប់ទាំងមនុស្សទាំងទឹកចិត្ត វាគួរឲ្យខ្លាចជាងកាំបិតទៀត ចឹងពេលនិយាយស្តីត្រូវចេះគិត ពាក្យខ្លះអ្នកគិតថាធម្មតា តែអាចប៉ះពាល់ទៅដល់អារម្មណ៏អ្នកដទៃខ្លាំងណាស់…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






