សៀមរាប ៖ ប្រជាពលរដ្ឋទន់ខ្សោយនៃគ្រួសារមួយ សម្ដែងការព្រួយបារម្ភ ព្រោះថាគាត់បានជួលដីពីម្ចាស់ដីមួយកន្លែងដែលមានទំហំ ៤០ហិចតា ស្ថិតនៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីប្រកបអាជីវកម្មដាំដំឡូង, ក្រោយមក ម្ចាស់ដីខាងលើនេះ បានកាត់លក់ទំហំ ៥ ហិចតា ទៅឲ្យម្ចាស់មួយទៀត គឺលោកជំទាវម្នាក់ ដែលមានស្វាមី ជា ឧត្តមសេនីយ៍ឯក បម្រើការនៅអង្គភាពមជ្ឍមណ្ឌលជាតិកងរក្សាសន្តិភាព បោសសំអាតមីន និងសំណល់សង្គ្រាម ហើយបន្ទាប់មកក៏មានប្អូនៗរបស់គាត់យកគ្រឿងចក្រទៅដាក់គំរាមឈូសឆ្ងាយ មិនរង់ចាំឲ្យគាត់ប្រមូលផលដំឡូងរួចរាល់សិននោះទេ។

ប្រជាពលរដ្ឋដែលទន់ខ្សោយរូបនេះបានឲ្យដឹងថា មុនដំបូង គឺកាលពេលមិនទាន់មានការទិញ-លក់ រូបគាត់បានប្រវាស់គ្នា ចូលសម្អាតដីព្រៃ (ព្រៃរបោះ) ២០ហិចតា ក្នុងចំណោមដីសរុប ៤០ ហិចតា ពីម្ចាស់ដើម ដើម្បីដាំដំឡូងប្រកបអាជីវកម្ម រយៈពេលមួយឆ្នាំ, មានន័យថា រូបគាត់បានចូលសម្អាតដីឲ្យទៅម្ចាស់ដើម ហើយដូរគ្នានឹងការដាំដំឡូងយកផលកម្រៃរយៈពេលមួយឆ្នាំ។ លុះក្រោយមក ដីទំហំ ៤០ហិចតា នោះ ក៏មានម្ចាស់ទី២ ម្នាក់ទៀត មកសុំចែកទិញ ៥ហិចតា នៅក្នុងចំណោមដី ៤០ហិចតានោះដែរ គឺលោកជំទាវម្នាក់ ដែលមានស្វាមី ជា ឧត្តមសេនីយ៍ឯក បម្រើការនៅអង្គភាពមជ្ឍមណ្ឌលជាតិកងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នេះតែម្ដង ដែលប្រើឲ្យប្អូនៗរបស់គាត់មកពិនិត្យមើលផ្ទៃដី និងវាស់ព្រំដី, ហើយមិនតែប៉ុណ្ណោះ ស្រាប់តែនាំសម្ដែងចរិតកោងកាច មិនស្ដាប់ហេតុផល យកគ្រឿងចក្រមកដាក់បម្រុងឈូសឆាយដំឡូងរបស់គាត់ចោល ដែលផ្ទុយពីគាត់សន្យាជាមួយម្ចាស់ដីមុន ដែលមានទំហំ ៤០ហិចតា ថា ទោះបី មានការទិញ-លក់យ៉ាងណា ក៏ត្រូវរង់ចាំគាត់ប្រមូលផលរួចរាល់សិន។

ការដែលម្ចាស់ដីក្រោយ ដែលសុំចែកទិញដីគេ ៥ហិចតា មកធ្វើកញ្ឆក់កញ្ឆេង នាំយកគ្រឿងចក្របម្រុងឈូសឆាយដំឡូងរបស់គាត់នេះ គឺមកពីគាត់ មិនទុកចិត្ត និងចោទម្ចាស់ដីដើមថា លក់ដីខ្យល់ឱ្យគាត់…។ ប៉ុន្តែប្រជាពលរដ្ឋអ្នកដាំដំឡូងរូបនេះ ក៏បានហៅអាជ្ញាធរមូលដ្ឋាន មានមេភូមិ មេឃុំ មកដោះស្រាយ ដោយបញ្ជាក់ថា ដីនេះគឺជាដីរបស់ម្ចាស់ដើមដែលមានទំហំ ៤០ហិចតា ពិតប្រាកដមែន ដោយមានការបង់ពន្ធទៅអាជ្ញាធរស្រុកជារៀងរាល់ឆ្នាំ, បើទោះជាអ្នកទិញក្រោយ ទិញត្រឹម ៥ហិចតា កាត់យកដីក្នុងចំណោម ដី ៤០ហិចតានោះក៏ដោយ ក៏ត្រូវរង់ចាំអ្នកដាំដំឡូងប្រមូលផលដំឡូងរួចរាល់សិន ព្រោះមុនការទិញ-លក់សម្រាប់អ្នកក្រោយនេះ គឺបាននិយាយគ្នារួចរាល់អស់ហើយ ម្យ៉ាងគឺដីនោះសុទ្ធតែព្រៃរបោះ លុះពេលគេធ្វើដីស្អាត (ដាំដំឡូង) មកឈូសដំឡូងគេចោលយ៉ាងម៉េច?!
អ្នកដាំដំឡូងរូបនេះ និយាយឲ្យដឹងទៀតថា រឿងនេះដំបូងឡើយ គឺអីចេស គឺលោកជំទាវម្នាក់ ដែលមានស្វាមី ជា ឧត្តមសេនីយ៍ឯក បម្រើការនៅអង្គភាពមជ្ឍមណ្ឌលជាតិកងរក្សាសន្តិភាព បោសសំអាតមីន និងសំណល់សង្គ្រាមនោះ ពេលចាប់ផ្ដើមសុំចែកទិញដី ៥ហិចតា ក្នុងចំណោម ៤០ហិចតា នេះ គឺបានប្រើប្អូនស្រីម្នាក់ ទៅពិនិត្យមើល ហូរហែ ព្រមទាំងបានផ្តិតមេដៃទទួលដឹងឮ គឺធ្វើឡើងក្នុងអំឡុងខែសីហា ឆ្នាំ២០២១ , លុះមកចប់សព្វគ្រប់កាត់ដី ៥ហិចតា ទៅឱ្យលោកជំទាវរូបនោះ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២១ ដដែល គឺមានន័យថា មួយខែក្រោយមក ការទិញលក់នេះ ក៏ធ្វើលិខិតប្រគល់សិទ្ធិកាន់កាប់រួចរាល់។

លុះបន្តបន្ទាប់មក ស្រាប់តែលោកជំទាវ ម្ចាស់ដីក្រោយ ៥ហិចតា នេះ ឈ្លោះគ្នាជាមួយប្អូនស្រីម្នាក់នេះ មិនត្រូវគ្នា ឬកាត់កាលគ្នាចោល ក៏ស្រាប់តែស្នើសុំទៅម្ចាស់ដីដើមទំហំ ៤០ហិចតា នោះ សូមឲ្យជូនប្អូនប្រុសប្អូនស្រីប្ដីប្រពន្ធពីរនាក់ក្រោយនេះទៀត ទៅពិនិត្យមើលម្ដង, ម្ចាស់ដើមក៏ព្រមជូនទៅទៀត ប៉ុន្តែបានបញ្ជាក់ហ្មត់ចត់ថា អាចជូនទៅពិនិត្យមើលតែម្ដងដឹងទៀតតែប៉ុណ្ណោះ ព្រោះថា លោកជំទាវម្ចាស់ដី ៥ហិចតា ក្រោយនេះ មានបងប្អូនច្រើននាក់ ឱ្យតែពេលណាឈ្លោះគ្នាជាមួយបងប្អូនណាមួយ នឹងតែងតែប្រើប្អូនផ្សេងៗទៀត ស្នើសុំចុះទៅទៅពិនិត្យដីជាបន្តបន្ទាប់, មានន័យថា កិច្ចការដដែលជាដដែលបែបនេះ ឲ្យគេជូនទៅជារៀងរហូត គឺម្ចាស់ដើមគេមានពេលវេលាឯណាគិតតែពីជូនទៅនោះ។
និយាយពីរឿងម្ចាស់ដីដើម ៤០ហិចតា យល់ព្រមជូនប្អូនប្រុសស្រីប្ដីប្រពន្ធពីរនាក់ក្រោយនេះទៀត ទៅពិនិត្យដីជាថ្មីម្ដងទៀត គឺលោក អនុសេនីយ៍ទោ គីម បញ្ញា មន្ត្រីនៃអង្គភាពមជ្ឍមណ្ឌលជាតិកងរក្សាសន្តិភាព បោសសម្អាតមីន និងសំណល់សង្គ្រាម និងភរិយាលោកស្រី ផាន់ ស្រីលក្ខណ៍, ប៉ុន្តែដល់ពេលណាត់ពេលវេលាគ្នា ដើម្បីចុះទៅមើលត្រឹមត្រូវ អ្នកទាំងពីរនេះមិនបានទៅមើលនោះទេ ដោយប្រាប់ថា រវល់នេះរវល់នោះ… រឿងទៅមើលដីក៏អត់បានទៅវិញទៅ។
លុះក្រោយមកទៀត គឺលោក អនុសេនីយ៍ទោ គីម បញ្ញា មន្ត្រីនៃអង្គភាពមជ្ឍមណ្ឌលជាតិកងរក្សាសន្តិភាព បោសសម្អាតមីន និងសំណល់សង្គ្រាម និងភរិយាលោកស្រី ផាន់ ស្រីលក្ខណ៍ បានទៅស្ងាត់ៗម្នាក់ឯង ហើយបានបោះបង្គោលដាក់ស្លាកលក់ដីនេះ ទាំងដែលខ្លួនមិនបានស្គាល់ទីតាំងច្បាស់លាស់ផងនោះ គឺបោះបង្គោលនៅលើដីគេ តែផ្ដេសតែផ្ដាស ធ្វើឲ្យគេស្រែកឆោឡោថា មកបោះបង្គោលប៉ះចំប្ដីគេហើយ… ដល់ពេលខ្លួនឯងមិនស្គាល់ទីតាំងច្បាស់លាស់បែបនេះ ក៏ផ្ដើមគំនិតចោទប្រកាន់ទៅលើម្ចាស់ដីដើម ៤០ហិចតា ថា ជាអ្នកលក់ដីខ្យល់ឱ្យខ្លួនទៅវិញ…
តាមការពិតទៅ ដី ៥០ហិកតានោះ គឺពិតជាដីមានលិខិតទិញ-លក់ ផ្ទេរកម្មសិទ្ធិកាន់កាប់ត្រឹមត្រូវ និងមានបង់ពន្ធជូនអាជ្ញាធរស្រុកទៀតផង។
កាយវិការត្រមង់ត្រមោកមួយទៀត គឺលោក អនុសេនីយ៍ទោ គីម បញ្ញា មន្ត្រីនៃអង្គភាពមជ្ឍមណ្ឌលជាតិកងរក្សាសន្តិភាព បោសសម្អាតមីន និងសំណល់សង្គ្រាម និងភរិយាលោកស្រី ផាន់ ស្រីលក្ខណ៍ បានអះអាងថា ខ្លួនជាប្អូនថ្លៃ ឧត្តមសេនីយ៍ឯកយោធា និងបងស្រីខ្លួនជាជំទាវមានទ្រព្យ ។ លុះមកដល់ទីតាំងដីទិញ-លក់ ហិចតានោះ ក៏តាំងខ្លួនថា បងស្រីរបស់គេលក់ដីនេះមកឲ្យខ្លួនពីរនាក់ប្ដីប្រពន្ធនេះវិញហើយ គឺមានន័យថា ពួកគេចង់ធ្វើយ៉ាងម៉េចនៅលើដីនេះ គឺស្រេចតែចិត្តពួកគេ ព្រោះថា ជាកម្មសិទ្ធិរបស់ពួកគេទៅហើយ។
ពេលឃើញចរិតឆេវឆាវ កោងកាច មិនស្ដាប់ហេតុផលបែបនេះ មេឃុំមេភូមិ ក៏បានចុះមកជួយអន្តរាគមន៍សម្របសម្រួល និងស្នើសុំពិនិត្យមើលលិខិតទិញ-លក់ក្រោយនេះទៀត តើមានផ្ទេរសិទ្ធិកាន់កាប់ជូនអ្នកទាំងពីរនេះដែរឬទេ? ពិនិត្យទៅ គឺប្ដីប្រពន្ធទាំងពីរនេះ អត់មានលិខិតផ្ទេរសិទ្ធិកាន់កាប់នោះឡើយ គឺមានតែលិខិតទិញលក់ផ្ទេរសិទ្ធិរបស់លោកជំទាវមានទ្រព្យដែលជាភរិយារបស់ឧត្តមសេនីយ៍ឯកម្នាក់ បម្រើការនៅអង្គភាពមជ្ឍមណ្ឌលជាតិកងរក្សាសន្តិភាព បោសសម្អាតមីន និងសំណល់សង្គ្រាមតែប៉ុណ្ណោះ, ហេតុអ្វីក៏មកអុកឡុកគេបែបនេះ?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













