ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២ បុរសម្នាក់បានចូលសារភាពទោសកំហុសរបស់ខ្លួន នៅនគរបាលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយពីធ្វើសកម្មភាព ស.ម្លាប់ប្រពន្ធខ្លួនឯង ដោយសារភ្លើងប្រចណ្ឌ រួចរត់គេចខ្លួន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ប្រព្រឹត្ត នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រ័ត្ន វិជ្ជា( ត្រូវជាប្តី) អាយុ៣៥ឆ្នាំ មានទីលំនៅ នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីកនែ្លងកំណើត នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកឯជនរងគ្រោះមានឈ្មោះ ហ៊ាង ស្រីជាតិ ( ត្រូវជាប្រពន្ធ )អាយុ២៨ឆ្នាំ មុខរបរមេដោះ ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន, ជនសង្ស័យ ត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួន និង ប្រគលទៅឱ្យសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




