ព្រះសីហនុ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា ភាគីជប៉ុន នឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យយោធាជាមួយកម្ពុជា កាន់តែសកម្មថែមទៀត ខណ:ជប៉ុន គឺជាប្រទេសដែលមានសកម្មមកលើកម្ពុជាមិនត្រឹមតែផ្ដល់ជំនួយអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ គឺចាប់ផ្ដើមតាំងពីការបង្កកំណើតកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសមកម្ល៉េះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក សមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនាពេលនេះ ភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR), ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល។

សម្តេច ទៀ បាញ់ បានបញ្ជាក់ទៀតថា កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាន់តែច្រើនថែមទៀត ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាព លើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុនពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា បំពេញបេសកកម្មរបស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត។
សូមរំលឹកទៅមើលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គ្រាដែលបំពេញទស្សនកិច្ចយោធានៅជប៉ុនវិញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក , លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និជាមេបញ្ជាការកងទ័ពជើងគោក បានបំពេញទស្សនកិច្ចនៅប្រទសជប៉ុន ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីជប៉ុន គឺលោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន, លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, នាយឧត្តមសេនីយ៍ លោក យ៉ាម៉ាសាគី កូជី (Yamazaki Koji) អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន, នាយឧត្តមសេនីយ៍ លោក យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងលោក ណូប៊ូ គីស៊ី (Nobuo Kishi) រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន, ហើយក្នុងជំនួបនោះ ភាគីជប៉ុន សន្យារួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែស្អិតរមួតបន្ថែមទៀតជាមួយកម្ពុជា ហើយគ្រោងធ្វើសមយុទ្ធជាមួយគ្នានាពេលខាងមុខ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស បានកន្លងហួសទៅ ៣០ឆ្នាំមកនេះ ក៏មានការចូលរួមសម្របសម្រួលពីរាជរដ្ឋាភិបាលជប៉ុនផងដែរ, ៣០ឆ្នាំមកនេះប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះការចូលរួមរបស់កងរក្សាសន្តិភាព នៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មសន្តិភាពនៅកម្ពុជា ក្នុងការរៀបចំអាជ្ញាធរបណ្ដោះអាសន្នអ៊ុនតាក់ និងការរៀបចំបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៩៣ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










