Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UN ផ្ដល់កិត្តិយស ដល់កងកម្លាំងរក្សាសន្តិភាពស្ត្រីកម្ពុជា ផ្សព្វផ្សាយនៅទីក្រុងហ្សឺណែវ «ស្ត្រីដើម្បីពហុភាគីនិយម»

ភ្នំពេញ ៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់កងកម្លាំងស្ត្រីកម្ពុជា គឺ លោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ទទួលបានមេដាយការងារពីអង្គការសហប្រជាជាតិ និងត្រូវបានជ្រើសរើសយកទៅផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម» នៅទីក្រុងហ្សឺណេវ ប្រទេសស្វ៊ីស។ នេះបើតាមការបង្ហើបប្រាប់ របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយលោកឧបនាយករដ្ឋមន្ត្រី បានផ្ញើសារ និងអបអរសាទរដល់លោកស្រីរូបនេះ តាមរយៈទំព័រហ្វេសប៊ុក។

ក្នុងទំព័រ Facebook ផ្លូវការ របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរថា «តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម ប៉ុន្តែបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន ៩ ចាប់តាំងពីឆ្នាំ២០០៦ មក, នេះមិនមែនជារឿងដែលងាយៗនោះទេ គឺច្បាស់ណាស់ថា ត្រូវតែព្យាយាម និងលះបង់ខ្ពស់? អ្វីដែលជាពិសេសនោះ គឺការចូលរួមយ៉ាងសំខាន់ពីសំណាក់ស្ត្រីកម្ពុជា ក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ ការទទួលបានមេដាយការងារពីអង្គការសហប្រជាជាតិ សម្រាប់ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ នេះ កម្ពុជានឹងបន្តជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ។

សូមបញ្ជាក់ថា លោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ជាស្រ្តីខ្មែរដ៏ក្លាហានមួយរូបក្នុងចំណោមកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាជាស្រ្តី ដែលត្រូវបានជ្រើសរើសយកទៅផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម» របស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ គោលបំណងនេះ គឺដើម្បីបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីជាង ១១០រូប ដែលមានការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងពិភពលោក ឱ្យកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់គ្នា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងស្មារតីនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយការងារពីអង្គការសហប្រជាជាតិសម្រាប់ការកោតសរសើរមេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។

បច្ចុប្បន្នលោកស្រីកំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ខណៈដែលត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រី ដើម្បីពហុភាគីនិយម»។ យើងពិតមានមោទនភាពចំពោះលោកស្រី ក៏ដូចជាបុគ្គលជាច្រើនរូបទៀតដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់ និងពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×