ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងឆបោក មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០១៩ ។

លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សួស សុខា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ ជាមន្រ្តីរាជការក្រសួងប្រៃសណីយ៍ មានទីលំនៅ នៅផ្ទះលេខ៥៧Z ផ្លូវលេខ៤០២ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។
ជនត្រូវចោទ ត្រូវកម្លាំងនគរបាលកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនតាមដីកាបង្គាប់របស់លោក ហុក ពៅ ចៅក្រម ស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




