Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងខែឧសភា ឆ្នាំ ២០២០។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះមានឈ្មោះ ជា វិរៈសត្យា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ កម្មករសំណង់ ។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទឈ្មោះ ជា វិរៈសត្យា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ២៣ ខែ កញ្ញា ឆ្នាំ ២០២១ កាត់ទោស ដាក់គុកកំណត់ ៤ ឆ្នាំ ក្រោមការចោទប្រកាន់ពីពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២០ នៅសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនទម្ងន់ ០,៧៧ ក្រាម ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×