Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បង្ហាញលទ្ធផលនៃការដោះស្រាយបណ្តឹងលើបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំ ដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្ដឹងជំទាស់នឹងបុគ្គល ៥ (ប្រាំ) រូប ដែលឈរឈ្មោះជាបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

គ.ជ.ប បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ណុល សុផល ភេទប្រុស កើតថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៧៥ ជាប្រជាពលរដ្ឋ មានទីលំនៅនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បេក្ខជនទាំង ៥រូប ដែលត្រូវបានប្ដឹងជំទាស់ថាពុំមានលក្ខខណ្ឌចេះអាន និងចេះសរសេរអក្សរខ្មែរ ស្របតាម ជំពូកទី៦ ប្រការ ៦.១ ចំណុច ៦.១.២ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នោះ រួមមាន៖
១. ឈ្មោះ លី ហាយ ភេទប្រុស កើតថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៥៨
២. ឈ្មោះ ស៊ឹម វន ភេទប្រុស កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៨
៣. ឈ្មោះ ជុំ ផល ភេទស្រី កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦៣
៤. ឈ្មោះ ស៊ឹម ប្រុស ភេទប្រុស កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩២
៥. ឈ្មោះ ជៀម យ៉ាន ភេទស្រី កើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៥៩

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមមន្ត្រីចុះស៊ើបអង្កេត និងស្រាវជ្រាវនៃអគ្គលេខា- ធិការដ្ឋាន គ.ជ.ប ដែលបានចុះទៅដល់ទីកន្លែង ដើម្បីសាកសួរ និងយកព័ត៌មានពីសាក្សី រួមនឹងបេក្ខជនឈរឈ្មោះផ្ទាល់ និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បានសម្រេចរក្សាទុកបេក្ខជនឈ្មោះ លី ហាយ ភេទប្រុស កើតថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៥៨ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅឃុំឫស្សី ស្រុកថ្មបាំង ខេត្តកោះកុង ហើយសម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន ៤រូប រួមមាន ៖
១. ឈ្មោះ ស៊ឹម វន ភេទប្រុស កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៨
២. ឈ្មោះ ជុំ ផល ភេទស្រី កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦៣
៣. ឈ្មោះ ស៊ឹម ប្រុស ភេទប្រុស កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩២
៤. ឈ្មោះ ជៀម យ៉ាន ភេទស្រី កើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៥៩ ។

ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា បេក្ខជនឈរឈ្មោះទាំង ៤រូប ខាងលើ ពិតជាពុំមានលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមមាត្រា ៣៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនស្របតាមលក្ខខណ្ឌក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រង់ប្រការ ៦.១ ចំណុច ៦.១.២ ដែលចែងថា ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ចេះអាន និងសរសេរអក្សរខ្មែរ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានប្រកាសក្នុងសវនាការសង្ខេបនៃ កិច្ចប្រជុំពេញអង្គ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×