ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាលលោកទាំងពីរ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ។
ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងពីរ ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

ការបញ្ជាក់នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលដែលត្រូវបានកសាងក្នុងឆ្នាំ២០២០-២០២១ នៅក្នុងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការរួមចំណែករបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជនទាំងអស់ ក៏បានស្តែងឱ្យឃើញផងដែរនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ និងប្រជាជន ដើម្បីធានាបាននូវការការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព និងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។ ហើយសូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ ការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលធំៗជាច្រើន នៅក្នុងសាលានាយទាហានសកម្ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយនឹងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជន ក៏ដូចជាការចូលរួមចំណែកផ្ទាល់របស់អង្គភាព បុគ្គលិក សាស្ត្រាចារ្យ យោធាចារ្យ អតីតនិស្សិត និងនិស្សិតកំពុងសិក្សា រួមមានជាអាទិ៍៖ អគារទីចាត់ការ, អគារស្នាក់នៅ, អគារថ្នាក់រៀន, អាហារដ្ឋាន, អគារហាត់សាច់ដុំ, ផ្លូវចាក់កៅស៊ូ និងទីលានចាក់កៅស៊ូ។ សមិទ្ធផលរីកចម្រើនរួមរបស់សាលានាពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរួបរួមគ្នា កសាងពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏នឹងបន្តកសាងទៅមុខទៀតឱ្យកាន់តែល្អ និងទំនើប។

មេបញ្ជាការកងទ័ពជើងគោកក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងលទ្ធផលការងារគួរទីមោទនៈ ដែលសាលានាយទាហានសកម្មសម្រេចបានលើការបំពេញភារកិច្ចស្នូលបណ្តុះបណ្តាលនាយទាហានថ្នាក់រិញ្ញាបត្រយោធា ដែលជាធនធានមេដឹកនាំថ្នាក់បញ្ជាការសម្រាប់បម្រើការងារនៅតាមបណ្តាស្ថាប័ន-កងឯកភាពនានាទូទាំងកងទ័ព។ អតីតនិស្សិត ដែលបានសិក្សានៅទីនេះ បានចេញទៅបម្រើការងារនៅតាមកងឯកភាពដោយសម្រេចបានស្នាដៃល្អប្រសើរ និងទទួលបានតួនាទីសំខាន់ៗជាច្រើនក្នុងជួរថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ពីព្រោះពួកគាត់មានមូលដ្ឋានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយអាចដឹកនាំ និងចែករំលែកប្រកដោយវិជ្ជាជីវៈ។ ទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីគុណភាពអប់រំ និងលទ្ធផលផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ ព្រមទាំងបុគ្គលិកទាំងអស់របស់សាលា ក្នុងបុព្វហេតុកសាងនូវធនធានមនុស្សដ៏សំខាន់ក្នុងជួរកងទ័ពជាតិ។ បេសសកម្មដ៏ធំរបស់សាលា គឺការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវក្នុងនាមជានាយទាហានមេបញ្ជាការ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




