ភ្នំពេញ ៖ ប្រជាពលរដ្ឋបានតវ៉ារឿងព្រះចៅអធិការវត្តប្រជុំសាគរ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថា បានធ្វើរបងបិទផ្លូវចេញចូល និងបានឲ្យកូនសិស្សវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ហើយបើទោះបីអាជ្ញាធរមូលដ្ឋាន ចុះទៅប្រាប់ឲ្យផ្អាកសកម្មភាពយ៉ាងណាក៏ដោយ ក៏ព្រះចៅអធិការវត្តប្រជុំសាគរ នៅតែបន្តសកម្មភាពដដែល។ ដោយឃើញមិនស្តាប់តាមការណែនាំ សមត្ថកិច្ចក៏បានចេញពីកន្លែកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងតាំងពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ រហូតដល់ម៉ោងជិត ៧យប់ ទើបភាគីខាងចៅអធិការវត្ត ផ្អាកសកម្មភាព ។

បើទោះមានការតវ៉ាពីប្រជាពលរដ្ឋ ព្រះចៅអធិការវត្តប្រជុំសាគរ មិនបានផ្អាកសកម្មភាពធ្វើរបង និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ នោះទេ ។
ប្រជាពលរដ្ឋម្ចាស់ដីបានអះអាងថា “ព្រះចៅអធិការវត្តមកបំផ្លាញរបងផ្ទះខ្ញុំ ទាំងដីនេះខ្ញុំទិញរយៈពេលជិត៤០ឆ្នាំមកហើយ ខ្ញុំមានប្លង់រឹងត្រឹមត្រូវ ។ ហេតុអ្វីលោកចៅអធិវត្តមួយរូបនេះ មកបំផ្លាញរបងក្នុងព្រំដីរបងខ្ញុំ ហើយបានប្រាប់ទៅខាងសារព័ត៌មានថា ធ្វើរបងបិទច្រកចេញចូលផ្ទះរបស់ខ្ញុំ” ។
ប្រជាពលរដ្ឋបានបានសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ តែអាជ្ញាធរ មិនអាចជួយបបាននោះទេ ដោយបានត្រឹមតែចុះមកមើល ហើយមិនអាចហាមឃាត់សកម្មភាព របស់ភាគីខាងចៅអធិការវត្តបាននោះទេ ។

ចំពោះករណីនេះ ប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសខាងគណៈគណខណ្ឌជ្រោយចង្វារ ចុះមកជួយធ្វើពិនិត្យមើលផង។
ចំណែកព្រះតេជគុណ ជា សុខស៊ីណាត ព្រះចៅអធិការវត្តប្រជុំសាគរ ដែលដឹកនាំព្រះសិស្ស និងកូនសិស្សទៅធ្វើរបង និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ មិនធ្វើអត្ថាធិប្បាយទេ។
បើតាមព្រះសង្ឃនៅក្នុងវត្ត បានបង្ហើបឲ្យដឹងថា មូលហេតុដែល ព្រះចៅអធិការវត្ត ទៅធ្វើបែបនេះ គឺដើម្បីយកដីដែលជាផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅពុះឡូត៍លក់ធ្វើ ជាចេតីយ៍ដែលមានតម្លៃថ្លៃ ហេតុនេះហើយបាន ជាមិនគិតពីការតវ៉ានោះ។ ហើយផ្លូវនេះ ប្រជាពលរដ្ឋបានប្រើប្រាស់ជាយូរមកហើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




