Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន លើកទឹកចិត្តមន្ត្រីមូលដ្ឋាន ត្រូវបន្តធ្វើអំពើល្អ និងធ្វើជាមន្ត្រីគម្រូក្នុងការបម្រើសេវាសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរ

ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍ថា ការបម្រើសេវាសាធារណៈនៅមូលដ្ឋាន គឺជាកត្តាសំខាន់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅហ្នឹងកន្លែង លោកជំទាវក៏បានលើកទឹកចិត្តមន្ត្រីមូលដ្ឋានត្រូវបន្តធ្វើអំពើល្អ និងធ្វើជាមន្ត្រីគម្រូក្នុងការបម្រើសេវាសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះ ខណៈដែលលោកជំទាវបានអញ្ជើញជាអធិបតីក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង ។

អង្គសន្និបាតបានដំណើរទៅរយៈពេលពេញ ០១ថ្ងៃ និងបានពិភាក្សា ដោយទទួលបាននូវធាតុចូលដ៏សំខាន់ៗ ព្រមទាំងដាក់ចេញ នូវទិសដៅសម្រាប់ អនុវត្តក្នុងឆ្នាំបន្ទាប់ ក្នុងនោះ អង្គសន្និបាតក៏បានធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទចំនួន ៤ រួមមាន ៖ ទី១ ការងារភូមិ-ឃុំ មានសុវត្ថិភាព ចរាចរណ៍ និងគ្រឿងញៀន ទី២. ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី៣. ការងារអនាម័យជនបទ និងទី៤. ការងារផ្តល់សេវានៃការិយាល័យ ចក្រ ចេញចូលតែមួយ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ច នានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួ នាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជា បន្តបន្ទាប់ ជាពិសេស ការចូលរួម ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់ រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។

ផ្អែកលើបញ្ហាប្រឈមជាសកលខាងលើនេះ និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗសម្រាប់អនុវត្តបន្ត ចំនួន ៩ចំណុច រួមមាន ទី១. ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទី២. ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទី៣. ការគ្រប់គ្រង ធនធានធម្មជាតិ និងការដោះស្រាយ វិទាទដីធ្លី ទី៤. ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ទី៥. ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទី៦. ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ទី៧. ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ទី៨. ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងទី៩. ការពង្រឹងរបៀបរបបការងារ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×