ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃទី១៦ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិន ដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ជំងឺកូវីដ បានមកដល់រាជធានីភ្នំពេញ ដោយជោគជ័យ។ ឯកឧត្តម អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា, លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា, អ្នកតំណាងសភាពាណិជ្ជកម្មចិន នៅកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ នៅអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តខាងលើមានសមាជិកចំនួន១២រូប ដែលត្រូវបានជ្រើសរើស ដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិន នៃប្រទេសចិន គឺជាក្រុមវេជ្ជសាស្ត្រថា្នក់ជាតិដំបូងគេ លើសកលលោក ដែលភាគីចិន បានចាត់បញ្ជូនមកកាន់ក្រៅប្រទេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះមានអ្នកជំនាញផ្នែកជំងឺសួត ផ្នែកសរសៃឈាមបេះដូង ការចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។
ក្នុងអំឡុងពេលបំពេញបេសកកម្ម ក្នុងប្រទេសកម្ពុជា ពួកគេនឹងរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ ជំងឺវីរុសនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ រយៈពេល៦០ថ្ងៃ ដោយផ្អែកលើខ្លឹមសារ ដែលបានព្រមព្រៀង ដោយរដ្ឋាភិបាលចិននិងកម្ពុជា ដើម្បីសហការជាមួយកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



