Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ប្រកាសលុបចោលលក្ខខណ្ឌតម្រូវ ឲ្យអ្នកដំណើរមកពីបរទេស បង្ហាញលទ្ធផលតេស្តPCR អវិជ្ជមាន មុនមកដល់កម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការលុបចោលលក្ខខណ្ឌតម្រូវ ឲ្យអ្នកដំណើរមកពីបរទេសបង្ហាញ លទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា ហើយអនុញ្ញាតបើកឡើងវិញ ការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។

នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តម សាស្រ្តាចារ្យ ម៉ប ប៊ុនហេង បានឲ្យដឹងថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ សម្រេចដូចខាងក្រោម៖

១-លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។

២-លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។

៣-អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្ន នេះអ្នកដំណើរទាំងអស់ត្រូវ បង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែល ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×