កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកចំពោះមុខ នាយទាហាននាយទាហានរង និងពលទាហាន រាប់រយនាក់ថា ក្នុងនាមជាអ្នកការពារជាតិ គឺអាជីពជាយោធិន នេះ ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេស ការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង , មានន័យថា មិនមែនជារឿងនរណាក៏អាចកើតឡើហងាយៗនោះទេ ប្រសិនបើយោធិនយើងមិនព្យាយាមតាំងស្មារតីខ្ពស់ គឺមិនអាចធ្វើការងារនេះបានឡើយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានាក្នុងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២, ដោយ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក រូបនេះ បានសង្កត់ថា ទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីគុណភាពអប់រំ និងលទ្ធផលផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ ព្រមទាំងបុគ្គលិកទាំងអស់របស់សាលា ក្នុងបុព្វហេតុកសាងនូវធនធានមនុស្ស ដ៏សំខាន់ក្នុងជួរកងទ័ពជាតិ។ បេសសកម្មដ៏ធំរបស់សាលា គឺការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវក្នុងនាមជានាយទាហានមេបញ្ជាការ បម្រើការពារប្រជាជន សមិទ្ធផលផ្សេងៗដែលបាននិងកំពុងអភិវឌ្ឍ និងប្រទេសជាតិ។
ស្ដីពីតម្លៃយោធិន រួមជាមួយនឹងការអភិរក្ស និងការអភិវឌ្ឍ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពន្យល់ថា ការងារអភិវឌ្ឍសំដៅលើការធ្វើទំនើបកម្មទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការកែសម្រួលប្រព័ន្ធការងារគ្រប់គ្រង និងកម្មវិធីសិក្សា និងការបំពាក់សម្ភារ ជាដើម។ រីឯការងារអភិរក្សវិញ សំដៅដល់ការរក្សាឲ្យបានដាច់ខាតនូវស្មារតីឆន្ទៈស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ, គោរពរដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាឲ្យបាននូវនិមិត្តរូបរួម និងសមិទ្ធផលផ្ទាល់របស់ខ្លួនយើង ដែលផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិខ្មែរ ទោះបីពេលខ្លះ យើងត្រូវរៀនសូត្រ និងដកស្រង់ច្នៃប្រឌិតយោងតាមបទពិសោធន៍អន្តរជាតិក៏ដោយ។

ដូច្នេះ សាលាបណ្ដុះបណ្ដាលនាយទាហាន ជាមជ្ឈមណ្ឌលសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស សាលានាយទាហាននេះតែម្តង ដើម្បីកសាងកម្លាំងនាយទាហានប្រកបដោយគុណភាព និងសមត្ថភាពជាក់ស្តែង អាចធ្វើការបានច្បាស់លាស់ ដែលជាឆ្អឹងខ្នងនៃកងទ័ព ជាខឿនការពារប្រជាពលរដ្ឋ និងប្រទេសជាតិ។
ជារបកគំហើញជាក់ស្ដែង អតីតនិស្សិត ដែលបានសិក្សានៅទីនេះ បានចេញទៅបម្រើការងារនៅតាមកងឯកភាព ដោយសម្រេចបានស្នាដៃល្អប្រសើរ និងទទួលបានតួនាទីសំខាន់ៗជាច្រើនក្នុងជួរថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ពីព្រោះពួកគាត់មានមូលដ្ឋានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយអាចដឹកនាំ និងចែករំលែកប្រកដោយវិជ្ជាជីវៈ ទៅតាមបន្ត្រីយោធាដែលកំពុងបំពេញការងារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





