នាព្រឹកថ្ងៃទី១៧ ខែមីនា (ម៉ោងនៅវៀតណាម) កម្មវិធីប្រកួតបវរកញ្ញាពិភពលោក – Miss World 2021 ត្រូវបានបញ្ចប់ដោយជ័យលាភីបានទៅលើស្រីស្អាត មកពីប្រទេសប៉ូឡូញ។
បវរកញ្ញាតំណែងថ្មីរូបនេះ ដែលមានឈ្មោះ Karolina Bielawska (កើតនៅឆ្នាំ១៩៩៩) ត្រូវបានដឹងថា បានសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មនៅ Politechnika Łódzka និងក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចេកទេស Łódź ផងដែរ។
នាង Karolina Bielawska មានកម្ពស់ ១.៧៩ ម៉ែត្រ, មុខល្អឥតខ្ចោះ ជាមួយនឹងភ្នែកមូលធំៗ ស្នាមញញឹមភ្លឺស្រស់ និងសក់ពណ៌ទង់ដែងដ៏អស្ចារ្យ គឺពិតជាសក្តិសមជាម្ចាស់ជាជ័យលាភីតែម្តង។
តែយ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនអ្នកទស្សនា ចាប់អារម្មណ៍ខ្លាំងនោះ គឺថា Karolina បានមានបញ្ហាតូចមួយ ក្នុងអំឡុងពេលគ្រងម្កុដ។ ជាក់ស្តែង នៅពេលដែលគណៈកម្មការប្រកាសចំឈ្មោះ និងបោះជំហ៊ានឡើងទៅកាន់កណ្តាលឆាក ដើម្បីត្រៀមទទួលមកុដនោះ Karolina ស្រាប់តែត្រូវបានបវរកញ្ញាតំណាងប្រទេសឥណ្ឌូណេស៊ី បានជាន់រ៉ូបដោយអចេតនា បណ្តាលឱ្យជាយស្បៃរ៉ូបរបស់នាងរបូតតែម្តង។ តែទោះយ៉ាងណា នេះគ្រាន់តែជាឧបទ្ទវហេតុដ៏តូចមួយប៉ុណ្ណោះ។
ពិតណាស់ នៅក្នុងពេលនោះ ទោះបីជាបង្ហាញទឹកមុខមានការងឿងឆ្ងល់បន្តិច ប៉ុន្តែ Karolina ទទួលបានស្នាមញញឹមឡើងវិញភ្លាមៗ និងនៅតែរក្សាភាពស្រស់ស្អាតឥតខ្ចោះ ព្រោះនេះជាវេលាដ៏សំខាន់សម្រាប់មួយជីវិតរបស់នាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








