ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាក mazdaមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នបានជ្រុលទៅបុ.ករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីជិតសម្រាលកូន រងរបួសធ្ងន់ រីឯបុរស២នាក់ទៀត រងរបួសស្រាល។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ខែមិនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញម៉ូតូពីរគ្រឿង ជិះតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើង មួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញពេញ1DD-6234 ជិះដោយបុរសម្នាក់ ចំណែកឯម៉ូតូរងគ្រោះមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1BS-9987 ជិះដោយគ្នា២នាក់ប្តីនិងប្រពន្ធ ជិតសំរាលកូន លុះមកដល់ចំណុចកើតហេតុខាងលើ ទល់មុខនិងសណ្ឋាគារភ្នំពេញ ស្រាប់តែគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តបង្កម៉ាក mazdaពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AD-3337 បើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្សស្របទិសក្នុងល្បឿនលឿន មកបុ.ករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលអោយដួលនិងរងរបួសស្រ្តីពោះធំម្នាក់ ជិតសម្រាលកូនរបួសធ្ងន់ ចំណែកឯបុរស២នាក់ទៀត រងរបួសស្រាល ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ច ក៏បានចុះទៅឃាត់ខ្លួនបានភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង ស្ទូចយករថយន្តបង្កនិងម៉ូតូ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






