ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចែកអាវក្រោះ និងមួកសុវត្ថិភាព ដល់អ្នកសារព័ត៌មានចំនួន៥៧រូប មកពី៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែល កំពុងបំពេញការងារព័ត៌មាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀតក្នុងអំឡុង ពេលដែលទាហានថៃបានវាយប្រហារមកលើកម្ពុជា។
អាវក្រោះ និងមួកសុវត្ថិភាពដោយមានស្លាកសញ្ញ អ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។ ក.អ.ក មើលឃើញថា ការចែកអាវក្រោះ និងមួកសុវត្ថិភាពនាពេលនេះមិនបានគ្រប់ចំនួនអ្នកសារ ព័ត៌មានដែលបាន និងកំពុងបំពេញបេសកកម្មយកព័ត៌មាននៅតាមបណ្ដោយព្រំដែនដែលមានជម្លោះ ឬទីកន្លែង ងាយរងគ្រោះនោះឡើយ។ ប៉ុន្តែ ក.អ.ក នឹងខិតខំស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀតដើម្បីបំពេញតម្រូវ ការចាំបាច់របស់អ្នកសារព័ត៌មាននៅកាលៈទេសៈនេះ។
ក.អ.ក សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានគាំទ្រដល់សកម្មភាពរបស់អ្នកសារព័ត៌មាន កម្ពុជានៅក្នុងបេសកកម្មយកព័ត៌មាននៅតាមទីកន្លែងដូចបានរៀបរាប់ខាងលើ។
អ្នកសារព័ត៌មានដែលចុះយកសារព័ត៌មានក្នុងអំឡុងពេលមានសង្គ្រាម ត្រូវបានការពារដោយច្បាប់
អន្តរជាតិថា ជាជនស៊ីវិល ព្រោះពួកគាត់ដើរតួនាទីជាអ្នកផ្ដល់ព័ត៌មានដល់ពិភពលោកឱ្យដឹងពីហេតុការណ៍ ដែលបានកើតឡើងនិងកំពុងកើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងតួនាទីជាកងទ័ព ឬកាន់អាវុធឡើយ ហើយ ក៏ត្រូវបានហាមមិនឱ្យផ្ដល់ព័ត៌មានទាក់ទងនឹងលេណដ្ឋាន ការចល័តទ័ព ផ្ដល់ព័ត៌មានបែបជាយុទ្ធសាស្ត្រទ័ព ឬបែបចារកម្ម និងព័ត៌មានទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ជនស៊ីវិល។ ល។
ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មកទល់នឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ ការវាយប្រហារដោយ ទាហានថៃមកលើកម្ពុជា បានសម្លាប់ជនស៊ីវិលកម្ពុជាចំនួន៣០នាក់ និងជិត១០០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















