ភ្នំពេញ៖ អ្នកជំនាញ បានអះអាងថា ស្វាយចន្ទី ជាដំណាំដែលមានសក្តានុពលរបស់ប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះ កម្ពុជាមានរោងចក្រជាច្រើន កំពុងបើកដំណើរការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។
អ្នកជំនាញបន្តថា ស្វាយចន្ទី ជាដំណាំមានសក្តានុពល ដោយសារវាងាយស្រួលដាំ និងថែទាំជាងដំណាំមួយចំនួនទៀត ហើយម្យ៉ាងទៀត ដំណាំស្វាយចន្ទី ឆាប់ទទួលបានផល ដោយចំណាយពេលត្រឹម២ឆ្នាំ ឬ៣ឆ្នាំប៉ុណ្ណោះ។ រីឯតម្លៃគ្រាប់ស្វាយចន្ទីវិញ បច្ចុប្បន្ន ស្ថិតក្នុងរង្វង់ជាង ៥ពាន់រៀលក្នុង១គីឡូក្រាម។
បើតាមក្រសួងកសិកម្ម នៅឆ្នាំ២០១៨កន្លង ទៅកម្ពុជានាំចេញផលិតផលកសិកម្មជាង ៤លានតោន ដែលក្នុងនោះមានទាំងគ្រាប់ស្វាយចន្ទីផងដែរ។ ក្រសួងកសិកម្ម បានឱ្យដឹងថា កាលឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៩៣ម៉ឺនតោន កើនឡើង ៣២៨,៣៤ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមជាង៩២ម៉ឺនតោន។ កាលពីឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជា ក៏បាននាំចូលទៅទីផ្សារជប៉ុនប្រមាណ៣០តោនផងដែរ។
បច្ចុប្បន្ននេះ កម្ពុជាទាក់ទាញបានក្រុមហ៊ុនជប៉ុនចំនួន២ហើយ ដែលមកវិនិយោគលើការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ ក្រុមហ៊ុន ទាំងពីររួមមានក្រុមហ៊ុន TPJ មានគម្រោងវិនយោគសាងសង់រោងចក្រកែច្នៃនៅខេត្តកំពង់ធំ ហើយកាលពីពេលថ្មីនេះ មានក្រុមហ៊ុនជប៉ុនមួយទៀត បានបង្ហាញគម្រោងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តព្រះវិហារ។
តាមរបាយការណ៍ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី បានជាង ៩៣ ៧៩៧៤ តោន កើនឡើងចំនួន ៣២៨.៣៤% ក្នុង នាំចេញទៅប្រទេសវៀតណាមចំនួន ៩២៨ ៩២៦តោន ប្រទេសចិនចំនួន ៤ ៥៥២តោន ប្រទេសថៃចំនួន ៤ ២៩៧តោន ប្រទេសឥណ្ឌាចំនួន ៩៨តោន ប្រទេសជប៉ុនចំនួន ៤៤តោន ប្រទេសកូរ៉េចំនួន ២១តោន ប្រទេស អារ៉ាប់ចំនួន ១៤តោន ប្រទេសណេដឺឡែនចំនួន៨តោន ប្រទេសបង់ក្លាដែសចំនួន៧តោន និងប្រទេសឡាវចំនួន៤តោន រួមនឹងប្រទេសផ្សេងទៀត។ ការនាំចេញគ្រាប់ឆៅ ឬគ្រាប់ស្រស់មានជាង៥០ភាគរយ៕