Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំនៃការប្រើប្រាស់ប្រាក់ដុល្លារ នៅតែមានចំណែកទីផ្សារធំ បើធៀបនិងប្រាក់រៀលខ្មែរ ដែលមានកម្រិតតួចនៅក្នុងចរន្តសេដ្ឋកិច្ច

ភ្នំពេញ៖ តាមរយៈធនាគារជាតិនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងដាក់ចេញយុទ្ធសាស្ត្រ ដែលមានប្រសិទ្ធភាព ដើម្បីបង្កើនការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែច្រើននៅលើទីផ្សារ កាត់បន្ថយដុល្លារូបនីយកម្ម ប៉ុន្តែជាលទ្ធផលថ្វីត្បិតតែនិន្នាការប្រើលុយរៀលកើនគួរឲ្យកត់សម្គាល់ ប៉ុន្តែទំហំនៃដុល្លារូបនីយកម្មនៅតែមានចំណែកទីផ្សារធំក្នុងកម្រិតខ្ពស់ បើធៀបជាមួយប្រាក់រៀលខ្មែរ ដែលមានកម្រិតតួចនៅក្នុងចរន្តសេដ្ឋកិច្ច។

មន្រ្តីធនាគារជាតិ បានឱ្យដឹងថា ការប្រើប្រាស់ប្រាក់រៀល នឹងជួយលើកតម្កើងអធិបតេយ្យភាពរូបិយវត្ថុជាតិ និងពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច។ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងអធិបតេយ្យភាពរូបិយវត្ថុជាតិ ដើម្បីកាត់បន្ថយភាពងាយរងឥទ្ធិពលពីការប្រែប្រួលលនៃតម្លៃប្រាក់ដុល្លារអាមេរិក ហើយវានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាពផងដែរ។

ដើម្បីបង្កើនការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិ ក៏ដូចជា រដ្ឋាភិបាលបានព្យាយាមធ្វើយ៉ាងណាឲ្យប្រាក់រៀលមានភាពទាក់ទាញជាងមុន តាមរយៈការរចនាដោយបញ្ចូលរូបភាពបង្ហាញពីសង្គម សេដ្ឋកិច្ច វប្បធម៌ និងមានរូបភាពប្រាសាទជាដើម។

ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ២០ មីនា ១៩៨០ – ២០ មីនា ២០២២ មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។

ឯកឧត្តមបញ្ជាក់ថា ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការរបស់ប្រាក់រៀលនៅក្នុងការប្រើប្រាស់។ ក៏ប៉ុន្តែ ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេស ផ្នត់គំនិតរបស់ប្រជាជនផងដែរ ដែលបញ្ហានេះនឹងបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទូទៅ។

សូមរំលឹកថា ប្រាក់រៀលខ្មែរ ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី ២០ខែមីនា ឆ្នាំ ១៩៨០ បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត បានលុបបំបាត់ប្រាក់រៀល, ខឿនសេដ្ឋកិច្ច, សិទ្ធិឯកជន និងអ្វីៗទាំងអស់របស់ប្រជាជនកម្ពុជា។ ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជា ខ្វះខាតទាំងធនធានមនុស្ស ហិរញ្ញវត្ថុ និងបច្ចេកទេស ហើយការដាក់ឲ្យចរាចរណ៍ឡើងវិញនូវប្រាក់រៀលនេះ គឺជាការងារអធិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអធិបតេយ្យជាតិ ព្រមទាំង សម្រាប់ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញពីគំនរផេះផង់។

បច្ចុប្បន្នប្រាក់រៀលខ្មែរ ក្នុងចរាចរណ៍នៅលើទីផ្សារមានចំនួន ១៦,៤ ទ្រីលានរៀល ស្មើនឹង ប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ បរិមាណប្រាក់រៀល ក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ក្នុងអត្រាកំណើន ជាមធ្យម ១៨% ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ៕

×