ជាការពិតណាស់ ស្ថានភាពសេដ្ឋកិច្ចគ្រួសារនីមួយៗ គឺមិនស្ថិតថេរទៀងទាត់នោះទេ ព្រោះថា យើងមិនអាចដឹងថា ការរកស៊ី ឬ ការងាររបស់យើង ជួបប្រទះនូវវិបត្តិអ្វីមួយដែលមិនអាចមើលឃើញនៅថ្ងៃខាងមុខឡើយ។ ហេតុនេះ ប្រសិនចង់ធ្វើអ្វីមួយ ដែលមិនមែនជារបស់ទ្រព្យខ្លួនឯងទាំងស្រុង យកទៅដោះដូរ គួរគិតជាពិចារណាឲ្យបានច្បាស់ កុំឲ្យមានការខាតបង់អត់ប្រយោជន៍។
ជាក់ស្តែង នារីម្នាក់បានសម្រេចចិត្តបង្ហោះសារនៅលើបណ្តាញសង្គម ដើម្បីចែករំលែកបទពិសោធន៍ទុកជាមេរៀនក្នុងជីវិត បន្ទាប់ពីត្រូវខាតបង់លុយអស់ ១០ ម៉ឺនដុល្លារ ព្រោះតែគ្មានលទ្ធភាពបន្តបង់រំលោះផ្ទះបុរីរបស់ក្រុមហ៊ុន «ជីប ម៉ុង លែន» ដែលបានទិញក្នុងតម្លៃ ៦០ ម៉ឺនដុល្លារ ព្រោះតែការរកស៊ីធ្លាក់ចុះ ដោយសារស្ថានការណ៍វិបត្តិជំងឺកូវីដរយៈពេល១ឆ្នាំ កន្លងទៅនេះ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kong Naknin នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបង្ហោះឲ្យដឹងថា៖ «វាគ្រាន់តែជាការដាស់តឿនសំរាប់ខ្ញុំធ្លាប់ដើរខុស មុននឹងសំរេចចិត្តធ្វើអ្វីមួយត្រូវគិតអោយច្បាស់ ព្រោះថ្ងៃមុខយើងមើលមិនឃើញទេ នណារក៏ចង់មានផ្ទះល្អ តែសួរថាយើងមានកំលាំងនឹងអាចដឹងពីស្ថានការណ៍ថ្ងៃមុខដឹងទេ ខ្ញុំទិញផ្ទះជិបម៉ុង 60 មឺុនដុល្លារ បង់1ខែ6800$ រយៈពេលមួយឆ្នាំកូវិដចូលមក លែងមានលទ្ធភាពបង់ត្រូវបាត់បង់ផ្ទះនិងលុយអស់10មឺុនដុល្លារ ដោយលក់1មឺុនដុល្លារក៏គ្មានអ្នកយកដែរ មុននឹងសំរេចចិត្តបង់រំលោះ និងចងការគេ សូមគិតអោយច្បាស់»។
នៅពេលគេលើកឡើងបែបនេះថា អ្នកខ្លះគេមិនហ៊ានបង្ហោះទេ ចំពោះការបរាជ័យ ម្ចាស់គណនីខាងលើ ក៏បានឆ្លើយតបថា មិនមានអីត្រូវខ្មាសនិងខ្លាចបង្ហោះទេបង យើងគិតខុសកុំអោយអ្នកមិនដែលគាត់មិនធ្លាប់ជួបគិតខុសដូចយើង ខ្ញុំមិនចង់ឃើញនណាម្នាក់ពិបាកទេ។ បើតាមការបញ្ជាក់បន្ថែមនៅក្នុងខមិន នាងបានឲ្យដឹងថា បោះចោលឲ្យបុរីហើយ ដែលមានន័យថា បុរីគេមិនទទួលទិញយកវិញ ឬវេលុយឲ្យវិញ ដោយឲ្យកាត់កាត់ខាត៥០%នោះឡើយ។ រីឯអ្នកខ្លះទៀត ក៏បានចែករំលែកថា «ខ្ញុំក៌ធ្លាប់ជួបដែរបង ចោលលុយ ហើយមិនបានរបស់ទៀត ស្ដាយខ្លាំងតែទុកជាមេរៀន, ខ្ញុំក៏ជួបផ្ទាល់ដែរ តែសំណាងចេះរកបានផ្ដាច់ កំុអីលក់ក៏ពិបាកដែរ»។
តែទោះយ៉ាងណា អ្នកដទៃទៀត ក៏បានអរគុណចំពោះការចែករំលែកបទពិសោធន៍មួយនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






