Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើសន្និសីទកាសែត ពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើសន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកដំបូងទៅមីយ៉ាន់ម៉ា ដើម្បីពិនិត្យតាមដាន និងពិនិត្យលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ , កិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា , កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តថា ឯកឧត្តមបានជួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ដើម្បីសម្របសម្រួលការងារ ពង្រឹងបទឈប់បាញ់ ជំនួយមនុស្សធម៌ និងលើកឡើងអំពីទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ – ៨ ខែមករា ឆ្នាំ២០២២។

ប្រេសសិតពិសេសរបស់ប្រធានអាស៊ានបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តអាណត្តិជាប្រេសិតពិសេស គឺមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ហើយបានពន្យល់ពីភាពបន្ទាន់ពីភាពបន្ទាន់ គឺការបញ្ឈប់អំពើហិង្សា ជំនួយមនុស្សធម៌ និងការស្វែងរកដំណោះស្រាយប្រកបដោយបរិយាបន្ន។ ដោយសង្កត់ធ្ងន់ទៅលើការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ និងបានស្វាគមន៍បទឈប់បាញ់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ប្រេសសិតពិសេសបានបន្តថា ទាក់ទងអំពើហិង្សានៅមីយ៉ាន់ម៉ានៅតែបន្តកើតមាន គឺស្នើសុំឲ្យមានការអត់ធ្មត់ចំពោះការប្រើកម្លាំងយោធា។ ហើយបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ស្តីពីជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាព មិនមានការរារាំង ការរើសអើង បូករួមទាំងការចាក់វ៉ាក់សាំង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា កិច្ចសន្ទនានយោបាយត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមផ្សះផ្សាជាតិ។ ហើយប្រេសិតពិសេសធ្វើជាស្ពានគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ហើយបានរំលឹកពីសំណើរបស់សម្តេចតេជោ ហ៊ុន សែន ពីការរៀបចំឲ្យមានយន្តការត្រ័យការដើម្បីចូលរួមសកម្មភាពរបស់អាស៊ានក្នុងការចូលរួមអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ចំណុច ជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីឡើងវិញ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា មានអ្នកខ្លះថា ដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ាដើម្បីផ្តល់ភាពស្របច្បាប់ឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា គឺជាការមិនពិតទេ កម្ពុជាគ្មានអ្វីក្រៅពីការជួយមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីសោកដនាថកម្មតែប៉ុណ្ណោះ។

ចំណែកឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្តែងការព្រួយបារម្ភពីការលួចបាំអាវុធចូលដែលនាំឲ្យមានអំពើហិង្សាឥតឈប់ឈរ។ ដោយឯកឧត្តចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រេសសិតពិសេសរបស់ប្រធានអាស៊ាននឹងបើកផ្លូវឲ្យប្រេសិតពិសេសបានជួបជាមួយជាមួយតួអង្គសំខាន់ៗ និងប្តេជ្ញាគាំទ្រប្រេសិតពិសេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានបញ្ជាក់ថា “គ្មានអ្វីសំខាន់ជាងជីវិតមនុស្សឡើយ”។
សូមជម្រាបថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញចូលជួបសាវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×