ខេត្តកំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និមន្តចូលរួមពីព្រះអនុគណក្រុងកំពង់ចាម តំណាងព្រះមេគណខេត្តរួមហ្នឹងសហការីបាននិមន្តនិងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី៣០និង ៣១ ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពី ជូនជនមានពិការភាព គ្មានទីពឹង ឈ្មោះ ប៉ូ រី អាយុ ៥១ឆ្នាំ រស់នៅ ភូមិបឹងស្នាយ សង្កាត់សំបួរមាស និងយុវតីទូរគតឈ្មោះ ចាន់ ស្រីទន់ អាយុ ២៤ឆ្នាំ នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលធ្វើឡើងនៅថ្ងៃទី២៦ធ្នូ ឆ្នាំ២០២៥។
គួររំលឹកថា ឈ្មោះ ប៉ូ រី ជាជនមានពិការភាពដោយជំងឺលើសឈាមបណ្ដាលឲ្យស្វិតជើងខាងឆ្វេងដើរមិនរួច រស់នៅយ៉ាងកំសត់ជាមួយប្រពន្ធជរា និង កូនស្រីពៅ ដែលកំពុងសិក្សា។ មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែជនពិការម្នាក់នេះ មានទាំងជម្ងឺប្រចាំកាយថែមទៀត ។មិនតែប៉ុណ្ណោះ ត្រូវរ៉ាប់រងចិញ្ចឹមកូនស្រីជំទង់ម្នាក់ ដែលកំពុងសិក្សាថែមទៀត ។ សព្វថ្ងៃ ប្រពន្ធគាត់, ក្រៅពីការឆ្លៀតដើររកក្តាម ខ្យង និងបេះបន្លែក្រោយផ្ទះយកទៅលក់ ពួកគាត់ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ១និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាង ប៉ុណ្ណោះ ។ ជនមានពិការភាពទុគត រូបនេះ មានដីជាកម្មសិទ្ធិទំហំ ៦,៣ម × ៩ ម ក្នុងភូមិបឹងស្នាយ ។ គាត់រស់នៅក្នុងកូនខ្ទមតូចមួយ ខ្ពស់ពីដីកន្លះម៉ែត្របិទបាំងដោយស័ង្កសីចាស់ៗមានសភាពទ្រុឌទ្រោម។
ចំពោះយុវតីឈ្មោះ ចាន់ ស្រីទន់ អាយុ២៤ឆ្នាំ ជាកូនកំព្រាឪពុក ម្ដាយ (លែងលះគ្នា )តាំងពីតូច ហើយតស៊ូរស់នៅយ៉ាងលំបាកជាមួយជីដូនដែលបានចិញ្ចឹមបីបាច់ ជួយឲ្យក្មួយស្រីបានសិក្សារៀនសូត្រ រហូតចប់ថ្នាក់បរិញ្ញាបត្រ។ ក្រោយការស្លាប់របស់ជីដូន ក្មួយស្រីត្រូវរស់នៅតែ២នាក់និងប្អូនស្រីជីដូនមួយ ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈបណ្ណសមធម៌ ក្រ១ ក្មួយស្រីត្រូវបានចៅសង្កាត់បឹងកុក ជួយឲ្យមកបម្រើការងារនៅសាលាសង្កាត់ គ្រាន់បានកម្រៃចិញ្ចឹមជីវិតនិងផ្គត់ផ្គង់ការសិក្សារបស់ប្អូន។ ក្មួយស្រី មានដីកម្មសិទ្ធិផ្ទាល់ខ្លួនដែលជាកេរ្ត៍មរតកផ្ដល់ដោយជីដូនកាលនៅរស់ ទំហំ ៧ម× ១២ម ស្ថិតក្នុងភូមិបឹងកុកទី៣ ហើយមានស្ថានភាពទាបហើយគ្រលុកជ្រៅ ដែលសាខាបានជួយចាក់ដីបំពេញស្មើនឹងថ្នល់។
ទោះជាយ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេក ទាំងគ្រួសារជនមានពិការភាព ប៉ូ រី ទាំងយុវតីកំព្រា ចាន់ ស្រីទន់ រូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះថ្មីស្នាក់នៅ បានឡើយ។
តាមការស្នើសុំពីក្រុមកាកបាទក្រហមសង្កាត់បឹងកុក- សង្កាត់សំបួរមាស អនុសាខាក្រុង រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណក្រុង និងដោយ មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងក្រុងកំពង់ចាម និងសប្បុរសជន ជូន:
១- គ្រួសារជនមានពិការភាព ប៉ូ រី
២- យុវតីកំព្រា ចាន់ ស្រីទន់ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិតទៅ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន សម្រាប់សង្កត់ផ្ទះថ្មីនេះ ក្នុង ១គ្រួសារ ទទួលបាន : អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,សាប៊ូ ១៦ដុំ , សម្ភារដំណេក សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

















