ទាក់ទងនឹងកិច្ចសហការផ្សព្វផ្សាយព័ត៌មានព័ត៌មានផ្សេងៗប្រកបដោយវិជ្ជាជីវៈ និងព័ត៌មានពិត លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ត ជំរុញឲ្យមន្ត្រីមន្ត្រីរាជការ កុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ត្រូវរួមសហការគ្នាក្នុងការផ្តល់ព័ត៌មានពិតជូនគ្នាទៅវិញទៅមក ទើបព័ត៌មានមានភាពជោគជ័យ និងសុក្រឹត ហើយនៅទីកន្លែងដែលមានមន្ទិលសង្ស័យអ្វីមួយ ក៏ត្រូវបានជម្រះជ្រះស្រឡះផងដែរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលរៀបចំនៅឯខេត្តកោះកុង, ដោយ លោករដ្ឋមន្ត្រី ថ្លែងទៀតថា ចំពោះភាពចម្រូងចម្រាស់ និងភាពខ្វះកិច្ចសហការក្នុងផ្សព្វផ្សាយព័ត៌មានពិត សម្រាប់សាធារណជន និងសង្គម ក្រសួងព័ត៌មាន បានឯកភាព និងបន្តចូលរួមខិតខំរកដំណោះស្រាយបញ្ហាប្រឈម និងកង្វះខាតនានា។ មួយវិញទៀតសូមប្រធានមន្ទីរ អង្គភាព បង្កើតអ្នកនាំពាក្យសម្រាប់ឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរដ្ឋបាលខេត្ត ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងសាធារណៈ ហើយត្រូវផ្សព្វផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវព្យាយាមដាក់ព័ត៌មានពិតជូនដល់សាធារណជន។

ទាក់ទងនឹងមន្ត្រីមន្ត្រីរាជការ សូមកុំយកអ្នកកាសែតធ្វើជាសត្រូវ ហើយត្រូវសហការផ្ដល់ព័ត៌មានពិតរលំរលាយ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានពន្យល់ថា «អ្នកសារព័ត៌មានមុនសរសេរព័ត៌មានអ្វីមួយឲ្យមានសុក្រឹត គឺត្រូវចុះយកព័ត៌មានឱ្យដល់ទីកន្លែងកើតហេតុ រកប្រភពឱ្យបានច្បាស់លាស់ និងធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ដែលជាអ្នកនាំពាក្យក្នុងការផ្ដល់ព័ត៌មានច្បាស់ការ ជូនដល់អ្នកសារព័ត៌មាន ដើម្បីសរសេរព័ត៌មានផ្សាយទៅ មានសុក្រឹតភាព តម្លាភាពល្អ ច្បាស់ការណ៍ ជាក់លាក់ ចៀសវៀងការសរសេរព័ត៌មានបំប៉ោងជាលក្ខណៈក្លែងក្លាយនាំឲ្យមានបញ្ហាដល់ខ្លួន, អីចឹងទេ ដើម្បីផ្សាយទៅ មានភាពមាំមួនជាព័ត៌មានពិត គឺត្រូវការកិច្ចសហការពីមន្ត្រីពាក់ព័ន្ធ, បើភាគីណាមួយព្យាយាមលាក់ព័ត៌មាននោះ គឺកុំទៅបន្ទោសអ្នកសារព័ត៌មាន ព្រោះថា មកពីភាគីពាក់ព័ន្ធទាំងនោះ មិនព្រមផ្ដល់ព័ត៌មាន ឬកិច្ចសម្ភាសន៍ណាមួយបំភ្លឺជុំវិញបញ្ហានោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












