KCNA បាននិយាយថា នៅថ្ងៃទី២៤ ខែមីនា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះដោយជោគជ័យ នូវមីស៊ីលផ្លោងអន្តរទ្វីប (ICBM) Hwasong-17 ដ៏មានឥទ្ធិពលបំផុត នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។ កាំជ្រួចនេះបានហោះបានចម្ងាយ 1,090 គីឡូម៉ែត្រ រយៈកម្ពស់អតិបរមាគឺ 6,248.5 គីឡូម៉ែត្រ និងបានបាញ់ចំគោលដៅនៅសមុទ្រយ៉ាងត្រឹមត្រូវ។
នេះគឺជាការបាញ់មីស៊ីល ICBM ពេញលេញបំផុតរបស់កូរ៉េខាងជើង និងបញ្ចប់ជាផ្លូវការនូវការផ្អាកការធ្វើតេស្តអាវុធរយៈចម្ងាយឆ្ងាយ ដែលដាក់ដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ ២០១៧។
ជាពិសេស ប្រព័ន្ធផ្សព្វផ្សាយបានយកចិត្តទុកដាក់ ចំពោះវីដេអូបង្ហោះដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV អំពីការបាញ់មីស៊ីលនេះ ដោយកូរ៉េខាងជើង។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាវីដេអូឃ្លីបដែលត្រូវបានកាត់ដោយ NK News ត្រូវបានសារព័ត៌មាន Newsweek (សហរដ្ឋអាមេរិក) បាននិយាយថា “ដូចជាខ្សែភាពយន្តហូលីវូដ” អុីចឹង ដែលបង្ហាញរូបភាពរបស់ប្រធាន គីម ដើរចេញជាមួយមន្ត្រីយោធាពីរនាក់ មុនពេលរ៉ុក្កែត Hwasong-17 ត្រូវបានយកចេញទៅខាងក្រៅ ដើម្បីបាញ់បង្ហោះ។
ជាក់ស្តែង នៅក្នុងវីដេអូនោះ លោក Kim បានពាក់អាវស្បែកពណ៌ខ្មៅ និងវ៉ែនតាខ្មៅ ហើយស្ថិតក្នុងចលនាកាយវិការយឺតៗ និងបទភ្លេងដ៏រន្ថើននៃផ្ទៃខាងក្រោយវីដេអូ បានធ្វើឱ្យអ្នកដឹកនាំវ័យក្មេងរូបនេះមើលទៅកាន់តែ “ឡូយ” តែម្តង។
ដោយឡែក នៅផ្នែកចុងក្រោយនៃវីដេអូ លោក គីម និងមន្ត្រីយោធាពីរនាក់ បានមើលនាឡិការបស់ពួកគេ បន្ទាប់មក គីម ក៏បានដោះវ៉ែនតារបស់គាត់ ហើយងក់ក្បាលបន្តិច ហាក់ដូចជាសញ្ញានៃការចាប់ផ្តើម។
សារព័ត៌មាន NK News ក៏បានបង្ហោះការកាត់នៃការរាប់ថយក្រោយ មុនពេលការបាញ់បង្ហោះកាំជ្រួច ហើយរូបភាពនៃទាហាន មន្ត្រីកងទ័ព និងមេដឹកនាំកូរ៉េខាងជើងបាន “ដួល” នៅពេលដែលរ៉ុក្កែតត្រូវបានបាញ់បង្ហោះដោយជោគជ័យ។
KCNA បានដកស្រង់សម្តីលោក គីម ថា កូរ៉េខាងជើងបានត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាដ៏យូរ ជាមួយសហរដ្ឋអាមេរិក ហើយកងកម្លាំងដ៏ឈ្លាសវៃរបស់ខ្លួន បានត្រៀមខ្លួនជាស្រេចដើម្បី “ឃ្លាំមើល និងទប់ស្កាត់” សកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោន។
ទន្ទឹមនឹងនោះ NK News ក៏បានដកស្រង់ព័ត៌មានដែលចុះផ្សាយដោយកាសែត Rodong Simmun ដោយនិយាយថា មេដឹកនាំកូរ៉េខាងជើងបានអះអាងយ៉ាងដូច្នេះថា «អ្នកណាដែលព្យាយាមសម្រុះសម្រួលសន្តិសុខរបស់កូរ៉េខាងជើង នឹងត្រូវបង់ថ្លៃ…។ អាវុធយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើង ជាថ្មីម្តងទៀត នឹងបង្ហាញពីអំណាចនៃកម្លាំងយុទ្ធសាស្ត្ររបស់យើងទៅកាន់ពិភពលោកទាំងមូល»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




