ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX330មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីពីក្រោយ យ៉ាងពេញទំហឹងបណ្ដាលឲ្យឲ្យរងការខូចខាតមួយកំណាត់មុខ និងកៀបតៃកុងជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ខែមីនាឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តបែនដឹកដីមួយគ្រឿង មិនចាំម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក lexus RX330 ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2BI-1382 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រស្របគ្នាពីក្រោយ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុករថយន្តបែនដឹកដីពីក្រោយ យ៉ាងពេញទំហឹងបណ្ដាលឲ្យកៀបតៃកុងជាប់ក្នុងកាប៊ីនមុខ រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញ ហៅរថយន្តសាមុយ មកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯរថយន្តដឹកដីបន្តល្បឿន ទៅមុខគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ ឱ្យចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំក្រុមគ្រួសារមកទទួល៕ រក្សាសិទ្ធិដោយ ៖ សា មេត








