Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័ន ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥ បានមានប្រសាសន៍ថា ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងបន្តទៀតថា ថ្ងៃនេះ សម្ភារៈជំនួយដំបូងត្រូវបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និង អាហារ។ ជឿជាក់ថា សម្ភារៈទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅនិងដើរចេញពីការលំបាកនាពេលបច្ចុប្បន្ន។

ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃមក ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ហើយក៏ជា ប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ ដែលបានបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជា។

សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ។ បច្ចុប្បន្ន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នៅខេត្តយូណានប្រទេសចិន ព្រមទាំងមានតំណាងយោធានៃប្រទេសទាំងបី ចូលរួមផងដែរ។ យើងស្វាគមន៍បទឈប់បាញ់ដែលប្រកាសដោយកម្ពុជានិងថៃ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ និងបង្កើត សន្តិភាពយូរអង្វែងរវាងភាគីទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×