Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការ នៅកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA)។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

នៅក្នុងអំឡុងពេលន នកិច្ចផ្លូវការនៅកម្ពុជា លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ នឹងជួបពិភាក្សាការងារផងដែរជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការ OIF។ លោកជំទាវអគ្គលេខាធិការនឹងចូលរួមជាអធិបតីជាមួយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្ត្រីកម្ពុជា។

នៅក្នុងក្របខ័ណ្ឌនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើកកម្មវិធី និង ចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍នេះ ដែលសហការ រៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មានបំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហ ប្រតិបត្តិការថ្មីរវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន។ ជំនួបទាំងនេះ នឹងផ្តោតសំខាន់ជាពិសេស ទៅលើវិស័យចម្បងៗចំនួនបី រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម” ។

តួអង្គជាង១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមក្រុមហ៊ុនអន្តរជាតិ ហ្វ្រង់កូហ្វូនជិត ៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិកាណ៍នេះ។

នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញដាក់ កម្រងផ្កានៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូបក្នុងចំណោមបិតា ស្ថាបនិកនៃអង្គការ OIF ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×