Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជាអ្នកចំការម្នាក់ បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីផ្ទុះគ្រាប់មីន នៅស្រុករតនមណ្ឌល

ខេត្តបាត់ដំ បង ៖ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ សៅរ៍ ទី២៦ ខែមីនា ឆ្នាំ ២០២២នៅចំណុចលើខ្នងភ្នំស ស្ថិតនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករត ន មណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់ដែល កប់នៅក្នុងដីមួយបានកើតឡើងខណៈពេល ពលរដ្ឋជាអ្នកចំការទាំង០២នាក់ កំពុងជីកដីបំណងគាស់យក គល់ឈើមួយនៅទីនោះ បានបណ្តាលឱ្យបុរសម្នាក់ឈ្មោះផាង ភ័ណ្ឌ ហៅទូច អាយុ ២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបងមកស្នាក់នៅធ្វើចំការនៅមូលដ្ឋានកើតហេតុ ត្រូវដាច់ជើងខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុនិងបុរសម្នាក់ទៀតឈ្មោះ ឆាយ កុសល់ អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស ចំភ្នែកទាំងសងខាង ត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា បុរសទាំងពីរនាក់រស់នៅក្រៅមូលដ្ឋាននេះ ហើយកន្លងទៅពួកគាត់ មកស្នាក់បណ្តោះអាសន្នធ្វើចំការនៅមូលដ្ឋានខាងលើ ។ នៅថ្ងៃកើតហេតុនេះគាត់ទាំងពីរនាក់ស្វែងរកគល់ឈើចាស់ៗ ដើម្បីជីកយកទៅប្រើប្រាស់ ឬយកទៅលក់ដូរចិញ្ចឹមជីវិត ហើយ ក្នុងខណៈពួកគាត់កំពុងជីកគល់ឈើ នៅចំណុចនោះបានប៉ះចំគ្រាប់( ម៉ីនកប់ក្នុងដី) ទើបបង្កជាករណីផ្ទុះបែបនេះ ។

លោកអធិការបន្តថា បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធរួមទាំងកង កម្លាំងនគរបាល របស់លោកបានចុះទៅដល់កន្លែងកើតហេតុ ជួយនាំជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា ចំណុចភ្នំសក្នុងភូមិរស្មីសង្ហារ ស្រុករតនមណ្ឌលនេះគឺ ជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់មួយក្នុង ចំណោមសមរភូមិជាច្រើនផ្សេងៗទៀត។

នៅចំណុចកើតហេតុថ្ងៃនេះអាចជា គ្រាប់មីន ដែលគេបង្កប់ក្នុងដីក្បែរគល់ឈើពីពេលមុន ហើយទំនងជាជនរងគ្រោះជីកដីក្បែរគល់ឈើប៉ះចំគ្រាប់មីន ទើបបង្កឱ្យផ្ទុះឡើងតែម្តង ។

លោក បន្ថែមថា នៅចំណុចកើតហេតុ ពីមុនមកក៏ធ្លាប់ប្រទះឃើញគ្រាប់មីន ប្រឆាំងរថក្រោះរួមទាំងយុទ្ធភ័ណ្ឌផ្សេងៗជាច្រើនទៀតនៅកប់រាយ ប៉ាយនៅទីនោះ។

នៅពេលនេះសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុពិនិត្យរួច៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×