ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិត ប្រុស-ស្រី ចំនួនន២នាក់ ជាប់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ចំនួនជាង១គីឡូក្រាម ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០១៨ នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ទណ្ឌិតទាំង២នាក់ មានឈ្មោះ ៖ ទី១-ឈ្មោះ សាំង ញ៉ង ភេទស្រី អាយុ ៥០ ឆ្នាំ ។ និងទី២- ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។

នៅក្នុងសំណុំរឿងនេះ ទណ្ឌិតទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៣០ ឆ្នាំ នឹង ពិន័យជាប្រាក់ ចំនួន ១០០ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ ក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរ រក្សាទុក និង ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ០១កញ្ចប់ធំ ស្មើនឹងទម្ងន់១០២៨,៦ក្រាម និងទូរស័ព្ទដៃ១គ្រឿង៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

