Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយនិស្សិតមកពីប្រទេសបារាំង ជំរុញឱ្យសិស្សានុសិស្សបង្កើនការអានដើម្បីទទួលបានចំណេះដឹង

កំពង់ចាម ៖ ដោយសង្កេតឃើញសិស្ស-និស្សិតមួយចំនួនរៀនដល់វិទ្យាល័យ និងខ្លះទៀតថ្នាក់វិទ្យាល័យទៅហើយ នៅឡើយអានអក្សរ… បិបឹ… និងនៅមានសរសេរពាក្យពេចន៍ខុសច្រើន មិនត្រូវនឹងអក្ខរាវិរុទ្ធអក្សរសាស្ត្រខ្មែរថែមទៀតផង, ដូច្នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំដល់សិស្ស-និស្សិត ឲ្យចេះស្រឡាញ់ និងខិតខំអានសៀវភៅ ស្រាវជ្រាវបង្កើនចំណេះអាន, ចំណេះដឹងផ្នែកអក្ខរាវិរុទ្ធ និងចំណេះដឹងទូទៅរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីមានសមត្ថភាពជួយខ្លួនឯង ក្រុមគ្រួសារ និងចូលរួមធ្វើកិច្ចការសង្គមឲ្យកាន់តែរីកចម្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងបែបនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធ បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងវត្តមានលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ផ្ដើមចេញឲ្យមានការរៀបចំជាបណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងលោក ហុក សុទ្ធិ ដែលពួកគាត់ជាអតីតសិស្សនៅវិទ្យាល័យនេះ និងបានសម្ដែងនូវការដឹងគុណដល់លោកគ្រូ-អ្នកគ្រជំនាន់មុន ក៏ដូចជាចែករំលែកមនោសញ្ជេតនាផ្នែកចំណេះដឹង ការអានសៀវភៅ ការស្រាវជ្រាវ ជូនដល់សិស្សានុសិស្សជំនាន់ក្រោយៗទៀត។

បណ្ដុះចំណេះដឹងចេញពីវិទ្យាល័យជីហែ នេះទៅ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងលោក ហុក សុទ្ធិ ក៏បានបន្តការសិក្សារហូតដល់ប្រទេសបារាំង, លុះបន្ទាប់ពីពួកគាត់ បានវិលត្រឡប់ពីសិក្សានៅប្រទេសបារាំងវិញ ទើបបានមូលមតិគ្នា កសាងនូវបណ្ណាល័យនោះ ក្នុងគោលបំណងផ្ដល់ឱកាសឲ្យសិស្សានុសិស្ស បានសិក្សាស្រាវជ្រាវ តាមរយៈការអានសៀវភៅ ក្រេបជញ្ជក់ចំណេះដឹងទូទៅបន្ថែមទៀត ជាពិសេសការអាន ចំណេះដឹងផ្នែកអក្ខរាវិរុទ្ធ និងស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេត។

បើតាម លោក ហុក សុទ្ធិ បានឲ្យដឹងថា បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែថ្មីនេះ ជាអតីតបន្ទប់សិក្សាចំនួន ៤ ដែលមានសភាពទ្រុឌទ្រោមទៅហើយ ត្រូវបានជួសជុលកែលម្អឲ្យក្លាយទៅជាបណ្ណាល័យ និងសាលប្រជុំ ឡើងវិញ។ ការរៀបចំឱ្យមានបណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នេះ គឺក្នុងបំណងផ្តល់ ដល់សិស្សានុសិស្សនូវបច្ចេកវិទ្យាទំនើប ដើម្បីជួយឲ្យពួកគេទទួលបានជោគជ័យ ក្នុងវិជ្ជាជីវៈ។ បណ្ណាល័យនេះដែរ មានសៀវភៅទាំងអស់ ២៥០០ក្បាល មានកុំព្យូទ័រ មួយគ្រឿងសម្រាប់ចុះបញ្ជីសៀវភៅ និងកុំព្យូទ័រពីរគ្រឿងទៀតសម្រាប់សិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រើដើម្បីស្វែងរកសៀវភៅ ដែលគេចង់អាន និងស្រាវជ្រាវរកឯកសារផ្សេងៗតាមអ៊ីនធើណេត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×