Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ម៉ម ប៊ុនហេង​៖ ការសិក្សា​ពី​កត្ដា​គ្រោះថ្នាក់ នៃ​ជំងឺមិនឆ្លង ដើម្បី​បម្រើ​សុខុមាលភាព​ប្រជាពលរដ្ឋ​

​ភ្នំពេញ​៖ គម្រោង​ស្រាវជ្រាវ ការអង្កេត​តាមដាន​កត្ដា​គ្រោះថ្នាក់ នៃ​ជំងឺមិនឆ្លង នៅ​កម្ពុជា គឺជា​សសរស្តម្ភ​មួយ​យ៉ាងសំខាន់ ក្នុង​ការប្រមូល​ឲ្យបាន​នូវ​ព័ត៌មាន គ្រប់​ជ្រុងជ្រោយ សម្រាប់​កំណត់​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។​

​ក្នុង​ឱកាស​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ ការអង្កេត​តាមដាន​កត្ដា​គ្រោះថ្នាក់ នៃ​ជំងឺមិនឆ្លង នៅ​កម្ពុជា​ឆ្នាំ​២០១៦ ដែល​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ វិទ្យាសាស្ដ្រ​សុខាភិបាល នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ លោក​សាស្ដ្រ​ចារ្យ ម៉ម ប៊ុនហេង​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​ថ្លែងថា លទ្ធផល​នៃ​ការស្រាវជ្រាវ តាម​លក្ខណៈ​វិទ្យាសាស្ត្រ ដ៏​មាន​សារសំខាន់​មួយ​នៅ​កម្ពុជា អំពី កត្តា​គ្រោះ​ថ្នាក់​របស់​ជំងឺមិនឆ្លង បាន​ធ្វើ​ឡើង​ជាង​រៀង​៥​ឬ​៦​ឆ្នាំ​ម្ដង ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​លម្អិត​ជុំវិញ​នៅ​បញ្ហា​ប្រឈម​ផ្សេងៗ យក​មក​ដោះស្រាយ និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ការងារ​ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​បម្រើ​នូវ​ភាពចាំបាច់​ដែល​ប្រជាពលរដ្ឋ​ត្រូវការ ពិសេស​នោះ គឺ​សុខុមាលភាព​របស់​ប្រជាជន ដោយ​ទទួលបាន​នូវ​លទ្ធផល​យ៉ាង​ជោគជ័យ ក្នុង​ការកំណត់​ជា​អាទិភាព​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន ។​

​លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សាកលវិទ្យាធិការ​នៃ​វិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល បាន​ថ្លែងថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ជុំ​ទី​២​នេះ ក្រោយពី​ការសិក្សា​ជុំ​ទី​១ បាន​ធ្វើឡើង​ដោយ​សកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល កាលពី​ឆ្នាំ​២០១០​។ ការសិក្សា​នេះ​ត្រូវបាន​រៀបចំ​ឡើង​តាម​បែប Cross sectional study ដែល​បាន​ជ្រើសរើស​ប្រជាជន ដែល​មាន​អាយុ​ពី ១៨ ដល់​៦៩​ឆ្នាំ ចូល​ក្នុង​ការសិក្សា​ស្រាវជ្រាវ ដោយ​ប្រើប្រាស់​ពិធីសា​រគោល របស់​អង្គការ​សុខភាព​ពិភពលោក (WHO STEPwise approach to chronic disease risk factor Surveillance)​។​

​លោក​សាស្ដ្រាចារ្យ បន្ដថា ការសិក្សា​នេះ​មាន​គោលបំណង​ធំៗ​ចំនួន បួន​គឺ​៖ ទី​១- ដើម្បី​ពិពណ៌នា អំពី​កម្រិត​នៃ​កត្តា​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​ទាក់ទង​នឹង​ជំងឺមិនឆ្លង ក្នុង​ចំណោម​មនុស្ស​ពេញវ័យ ដែល​មាន​អាយុ​ពី​១៨ ទៅ​៦៩​ឆ្នាំ​នៅ​កម្ពុជា ទី​២-​ដើម្បី​តាមដាន​ទំហំ និង​ទិសដៅ នៃ​ការវិវឌ្ឍ​របស់​កត្តា​គ្រោះថ្នាក់​ផ្សេងៗ ដែល​ទាក់ទង​នឹង​ជំងឺមិនឆ្លង​នៅ​កម្ពុជា ទី​៣ ដើម្បី​ផ្តល់ព័ត៌មាន គាំទ្រ​ដល់​ការធ្វើផែនការ និង​វាយតម្លៃ​លើ​ការអនុវត្ត នូវ​កម្មវិធី និង​គោលនយោបាយ ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ជំងឺមិនឆ្លង​នៅ​កម្ពុជា និង​ទី​៤​គឺ ដើម្បី​ប្រមូល​នូវ​ទិន្នន័យ សម្រាប់​ការព្យាករណ៍​នូវ​តំរូវការ​សេវា​សុខាភិបាល​នាពេល​អនាគត​។​

​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ថ្លែង​ទៀត​ថា ការសិក្សា​ក្នុង​ជុំ​ទី​២​នេះ បាន​ប្រមូល​ទិន្នន័យ​ពី​ប្រជាជន​ចំនួន​២៨៨០​នាក់ មក​ពី​ទូទាំងប្រទេស​តាមរយៈ​ការជ្រើសរើស សំណាក​ដោយ​វិធីសាស្ត្រ multi-stage cluster sampling ដោយ​មាន​បី​ជំហាន​៖ ជំហាន​ទី​១ ជា​ការសម្ភាសន៍ ដើម្បី​ប្រមូល​យក​ព័ត៌មាន ទាក់ទង​នឹង​កត្តា​ឥរិយាបថ​គ្រោះថ្នាក់​ផ្សេងៗ និង​ប្រវត្តិ​សុខភាព​ដែល​ទាក់ទង​នឹង​ជំងឺ​មិន ឆ្លង ជំហាន​ទី​២ គឺ​មាន​ការពិនិត្យ​វាស់វែង​នៅ​លើ​រាងកាយ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​សំពាធ​ឈាម កម្ពស់ ទម្ងន់ និង​បរិមាត្រ​ចង្កេះ និង​ត្រគាក ជំហាន​ទី​៣ គឺ​ការ​បូម​ឈាម​ដើម្បី​ពិនិត្យ​មើល​កំរិត​ស្ករ និង ខ្លាញ់​សរុប​ក្នុង​ឈាម​។​

​ជា​លទ្ធផល​សង្ខេប ការសិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១៦​នេះ បាន​រកឃើញថា​មាន​ភាព ប្រសើរឡើង​នូវ​រង្វាស់​កត្តា​គ្រោះថ្នាក់​មួយ​ចំនួន​ដូចជា ការជក់បារី ការប្រើប្រាស់​គ្រឿង​ស្រវឹង ការបរិភោគ​មិនបាន​គ្រប់គ្រាន់​នូវ​ផ្លែឈើ​និង​បន្លែ និង​ការធ្វើ​សកម្មភាព​កាយ​វប្បកម្ម មិន​បាន​គ្រប់គ្រាន់​ជាដើម​។ ទន្ទឹម​នឹង​នោះ​ក៏​សង្កេត​ឃើញ មាន​កត្តា​គ្រោះ​ថ្នាក់​មួយចំនួន បាន​កើនឡើង​ដូចជា ការ​លើស​ទម្ងន់ និង​ធាត់ ការ​លើស​សម្ពាធ​ឈាម ការ​លើស ជាតិ​ស្ករ និង​ខ្លាញ់​ក្នុង​ឈាម និង​ការកើនឡើង​នូវ​អត្រា​អ្នក​ដែល​មាន​កត្តា​គ្រោះថ្នាក់ ចាប់ពី​៣​កត្តា ឬ​លើស​ក្នុងចំណោម​ប្រជាជន ដែល​មាន​អាយុ​ពី​២៥​ឆ្នាំ ដល់​៦៤​ឆ្នាំ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×