កំពង់ស្ពឺ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឧដុង្គ បានឆ្មក់បង្ក្រាបទីតាំងលេងអាប៉ោងមួយកន្លែង ក្នុងភូមិត្រពាំងសង្កែ ឃុំព្រះស្រែ ស្រុកឧដុង្គ ដែលក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាលេងលួចលាក់រាប់ខែ ឃាត់ខ្លួនអ្នកលេង២នាក់ បញ្ជូនទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។

លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២នេះថា យោងតាមការរាយការណ៍ របស់ប្រជាពលរដ្ឋមូលដ្ឋានថា មានករណីជួបជុំលេងល្បែងអាប៉ោង នៅចំណុចទីតាំងខាងលើ លោកក៏បានចាត់កម្លាំងជំនាញចុះបង្ក្រាបភ្លាមៗ ដោយក្នុងនោះឃាត់ខ្លួនអ្នកលេង បានចំនួនពីរនាក់ ក្នុងចំណោមអ្នកលេងផ្សេងទៀត ។

លោកអធិការបានឱ្យដឹងទៀតថា អ្នកឃាត់ខ្លួនទាំង២នាក់ខាងលើមានឈ្មោះ ភឿង ផាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង្ស ស្រុកឧដុង្គនិងឈ្មោះ វី ធារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំព្រះ ស្រុកឧដុង្គ។ ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញក៏បានដកហូតវត្ថុ
តាងបានមួយចំនួនផងដែរ មានចានអាប៉ោងមួយ គម្របមួយ មេអាប៉ោងមួយគ្រាប់ ទូរស័ព្ទដៃបីគ្រឿង និងប្រាក់រៀលចំនួន៤៤១៥០០រៀល ។
បច្ចុប្បន្នជនញៀនល្បែងទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត កំពុងដើម្បីសាកសួបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

