ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកាតម្កល់ទោស បុរសជាប់ចោទ ចំនួន ៧នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ១ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសសមគំនិតក្នុងអំពើញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីអំឡុងឆ្នាំ ២០២០។
លោក សឹង បញ្ញាវឌ្ឍ ជាប្រធានចៅក្រុមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទទាំ៧នាក់នេះ មានឈ្មោះ ទី ១-ឈ្មោះ ផុន សុផល, ទី ២-ឈ្មោះ សែម ចំណាន, ទី៣- ឈ្មោះ ម៉ក់ សំអាន, ទី ៤- ឈ្មោះ ព្រៅ ចាន់ធឿន , ទី ៥- ឈ្មោះ ខន ទន, ទី ៦-ឈ្មោះ អ៊ុ យ៉េត, និង ទី ៧-ឈ្មោះ ស៊ូ យាន ។

នៅក្នុងសំណុំរឿងក្តីនេះ ពួកគេទាំង៧នាក់ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ បានកាត់ទោស ជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ១ ឆ្នាំ និង ពិន័យ ២ លានរៀល ពីបទ ” សមគំនិតក្នុងអំពើញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ” តាមមាត្រា ២៩,៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ។
តែពួកគេបានប្តឹងរឧទ្ធរណ៍ ខណៈដែលសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានកែប្រែទណ្ឌកម្មរបស់ពួក ពីជាប់គុក ១ ឆ្នាំ មកត្រឹម ១០ ខែវិញ ក្នុងម្នាក់ៗ ។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។ ជនជាប់ចោទទាំង៧នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ នៅខេត្តត្បូងឃ្មុំ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

