Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានស្តីទីព្រឹទ្ធសភា ឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងខណ្ឌជ្រោយចង្វារ យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដើម្បីទប់ស្កាត់រាល់បញ្ហាអសកម្ម

ភ្នំពេញ ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានផ្តល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌជ្រោយចង្វារ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដើម្បីទប់ស្កាត់រាល់បញ្ហាអសកម្មទាំងឡាយណា ដែលកើតមានឡីងនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ព្រមទាំងផ្សព្វផ្សាយប្រជាពលរដ្ឋ ឲ្យត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ និងត្រូវសហការគ្នា មានសាមគ្គីភាពផ្ទៃក្នុង។

ការផ្តល់អនុសាសន៍នេះ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយ នឹងថ្នាក់ដឹកនាំខណ្ឌ និងប្រធានក្រុមប្រឹក្សាសង្កាត់ទាំង៥ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ ពិធីសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់ អំពីវឌ្ឍនភាពនៃសភាពការណ៍រួមនៅក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការងារត្រៀមលក្ខណៈសម្រាប់ការចូលរួមការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌក្នុងការអនុវត្តការងារប្រចាំថ្ងៃ ការគ្រប់គ្រងប្រជាពលរដ្ឋ ការងារសន្តិសុខសណ្តាប់ធ្នាប់។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានផ្តាំផ្ញើ និងក្រើនរំលឹកដល់អាជ្ញាធរ ខណ្ឌជ្រោយចង្វារ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋ អំពីវិធានការប្រយុទ្ធ និងទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសត្រូវប្រកាន់ឱ្យបានភ្ជាប់នូវវិធានការ៣កុំ និង៣ការពារ។

នៅក្នុងឱកាសនោះ លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក៏បានឡើងធ្វើសេចក្តីរាយការណ៍ អំពីស្ថានភាពភូមិសាស្ត្រ ការងារសន្តិសុខសណ្តាប់ធ្នាប់ លទ្ធផលការអនុវត្តការងារ ការចូលរួមដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×