ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២២ រដ្ឋបាលរាធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់ របស់ក្រុមបាតុករដែលជា អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៏ ឱ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្ដី ជូនដំណឹងជាច្រើនលើកច្រើនសារ មិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ សាធារណៈ និងទីសាធារណៈផ្សេងទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ទៅលើក្រុម បាតុករដើម្បីបញ្ឈប់នូវសកម្មភាពខុសច្បាប់បន្តទៀត។

ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំសារជាថ្មី ដល់ក្រុមបាតុករ ត្រូវអនុវត្តតាម នីតិវិធីដែលមានចែងក្នុងមាត្រា៥ ជំពូកទី២ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី “ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធីនៅទីសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ”។ ករណីនេះ កន្លងមកក្រុមបាតុករបានទទួលការបកស្រាយច្បាប់ខុស ក្នុងន័យបំភាន់សាធារណមតិតាមការនឹកឃើញ របស់ខ្លួនថាសកម្មភាពរបស់ខ្លួនជាការធ្វើកូដកម្មទៅវិញ តែសកម្មភាពពិតរបស់ពួកគាត់ គឺធ្វើការប្រមូលផ្តុំ លើកបដា និងប្រើឧគ្ឃោសនាសព្ទចល័ត ស្រែកទាមទារ នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀតតាំងពីដើមរៀងមក។

ទទួលសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ មន្ទីរ-អង្គភាព ពាក់ព័ន្ធនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៏ ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

