ភ្នំពេញ៖ នៅថ្ងៃទី៣០ខែមីនានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមរំលឹកនិងជម្រាបជូនបងបងប្អូនរួមជាតិអំពីស្ថានភាពគ្រោះថ្នាក់និងការអុវត្តច្បាប់ចរាចរណ៍ក្នុងប្រទេសយើងអស់រយៈពេលប្រមាណពីរទសវត្សរ៍ចុងក្រោយនេះដែលមានការវិវត្តិប្រកបដោយភាពវិជ្ជមានផង និងឆ្លងកាត់បញ្ហាប្រឈមផង ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ។
ចាប់តាំងពីឆ្នាំ២០០២ មក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រូវបានកែប្រែ ឬវិសោធនកម្មជាបន្តបន្ទាប់។ រាល់ ពេលកែប្រែ ឬវិសោធនកម្ម រាជរដ្ឋាភិបាលតែងតែបានទុកឱកាសធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមគ្រប់ រូបភាពក្នុងរយៈពេលពី៦ខែ ទៅ១ ឆ្នាំដោយផ្ទាល់ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា មុនមានការអនុវត្តច្បាប់ថ្មី។ អស់រយៈច្រើនឆ្នាំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានយកការអប់រំផ្សព្វផ្សាយច្បាប់ជាអាទិភាព។

ជាក់ស្តែងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោករាប់សែនក្បាលបានចែកឥតគិតថ្លៃ រួមទាំងខិត្តបណ្ណ បដា ពាក្យ ស្លោកជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេស ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅតែមានអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនបានយកចិត្តទុកដាក់ទទួលយកការអប់រំ ផ្សព្វផ្សាយនេះ រីឯមួយចំនួនទៀត បានយល់ដឹងច្បាប់ហើយ តែបានបំពានច្បាប់ បង្កកំហុស ឫគ្រោះថ្នាក់ពេលបើកបរ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍យ៉ាងគំហុកបានបណ្តាល ឲ្យស្លា.ប់ប្រជាពលរដ្ឋជិត២០០០នាក់ និងរបួសជាង៦០០០នាក់ ដែលជាការបាត់បង់ឬជាសោកនាដកម្មដ៍ធំធេងរបស់ប្រទេសយើង ក្នុងស្ថានភាពដែលយានយន្តមានកំណើនខ្ពស់ផងដែរ។
ប្រឈមនឹងស្ថានភាពអវិជ្ជមាននេះ នៅឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកំណត់ យកគោលការណ៍រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាអាទិភាព ជំនួសការអប់រំផ្សព្វផ្សាយច្បាប់វិញ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។
បន្ទាប់ពីរឹតបន្តឹងច្បាប់អស់រយៈ ២ឆ្នាំ (២០២០ និង២០២១)ចំនួនអ្នកស្លា.ប់ និងរបួសបានថយចុះគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០២១ ចំនួនស្លា.ប់ថយមកត្រឹម ១៤៩៧នាក់ ចំនួនរបួសបានថយមកត្រឹម៣៦១៥នាក់។ គឺរយៈពេល២ឆ្នាំនេះយើងបានសង្គ្រោះជីវិតប្រជាពលរដ្ឋ រួចផុតពីសេចក្តីស្លាប់ប្រមាណ ៨០០នាក់ និងផុតពីរងរបួសចំនួនប្រមាណ ៣០០០នាក់។

ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមកោតសរសើរចំពោះប្រជាពលរដ្ឋដ៍ច្រើនលើសលប់ដែល មានឆន្ទៈចូលរួមគោរពច្បាប់ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការពារអាយុជីវិតទាំងអស់គ្នា។ សូមកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំពុះពារឧបសគ្គគ្រប់បែបយ៉ាង ក្នុងការសម្រេចជោគជ័យក្នុងភារកិច្ចដ៍ថ្លៃថ្លានេះ។
ប៉ុន្តែទោះយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមយូរអង្វែង។ រាល់ថ្ងៃចំនួនអ្នកស្លា.ប់ជា មធ្យម នៅតែមានចំនួន៥នាក់ និងរបួស១០នាក់ និងកំពុងកើនឡើងជាថ្មីទៀតនាត្រីមាសទី១ ឆ្នាំ២០២២នេះ នៅក្នុងពេលដែលគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា គ្រាប់មីន ជំងឺអេដស៍ ឬជំងឺកូវីដ-១៩ កំពុងថយចុះយ៉ាងខ្លាំង។
ជាថ្មីម្តងទៀត ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាន់នូវសីលធម៌យោគយល់អាធ្យាស្រ័យក្នុងការបើកបរ។ សូមរំលឹក ដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ត្រូវបន្តខិតខំទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវអនុវត្តឲ្យ បានជោគជ័យតាមទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ និងដើម្បីអនុវត្តឲ្យបានជោគ ជ័យនូវអនុសាសន៍ណែនាំដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
សម្តេចក្រឡាហោម បានលើកឡើងថា “ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងឱកាសឆ្នាំថ្មី ឆ្នាំខាល ដែលនឹងឈានចូលឆាប់ៗ នេះ សូមប្រកបដោយសេចក្តីសុខចម្រើន និងសម្រេចជោគជ័យគ្រប់ ភារកិច្ច ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងជំងឺឆ្លង”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






