Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងមូស្គូ សន្យាបានតែមួយថ្ងៃ វាយប្រហារផ្លូវអាកាសភ្លាម

រដ្ឋធានីគៀវ៖ នៅក្នុងជំនួបចរចាសន្ដិភាព ជុំទី៦ ក្រោមការសម្របសម្រួលពីលោក រ៉េសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី នៅក្នុងទីក្រុងអ៊ីស្ដាន់ប៊ូល ប្រទេសតួកគី នោះ ក្រុងមូស្គូបានសន្យានូវការកាត់បន្ថយសកម្មភាពប្រតិបត្ដិការយោធា សម្រាប់បង្កើននូវទំនុកចិត្តគ្នាទៅវិញទៅមក ប៉ុន្ដែការសន្យារបស់ក្រុងមូស្គូ បានត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ហើយកងទ័ពរុស្ស៊ី បានបន្ដទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបន្ថែមទៀត នៅជាយរដ្ឋធានីគៀវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ថា មួយថ្ងៃ ក្រោយពេល ក្រុងមូស្គូ បានសន្យាថា នឹងកាត់បន្ថយនូវប្រតិបត្តិការយោធា នៅតាមទីក្រុងនានា ស្ថិតក្នុងអំឡុងពេលការចរចារជាថ្មី ស្តីអំពីសង្គ្រាមនៅអ៊ុយក្រែន សម្រាប់ការបង្កើននូវទំនុកចិត្តគ្នាទៅវិញទៅមកនោះ ប៉ុន្ដែកម្លាំងទាហានអាកាសរុស្ស៊ី បានបន្ដទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅជាយរដ្ឋធានីគៀវ (Kyiv) និង ទីក្រុងឆ័រនីហ៊ីវ (Chernihiv) នាភាគខាងជើង ដែលត្រូវឡោមព័ទ្ធ ដោយកម្លាំងទាហានរុស្ស៊ី។

ការបំពារបំពានលើកិច្ចសន្យាជាថ្មីរបស់កម្លាំងទាហានរុស្ស៊ីបានធ្វើឡើង ក្រោយពេលមានកិច្ចចរចាសន្តិភាពទល់មុខគ្នា ជាលើកដំបូង រវាង រុស្ស៊ី និងអ៊ុយក្រែន នៅក្នុងរយៈពេលជិតបីសប្តាហ៍ នៅឯវិមានមួយ ស្ថិតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ នៅក្នុងជំនួបចរចានោះ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា រុស្ស៊ី នឹងកាត់បន្ថយនូវប្រតិបត្តិការយោធា នៅក្នុងតំបន់ទាំងនោះ «ដើម្បីបង្កើននូវទំនុកចិត្តគ្នាទៅវិញទៅមក»។

លោក វ៉្លាឌីស្លេវ អាស្រ្ដូសែនកូ (Vladyslav Astroshenko) អភិបាលក្រុង Chernihiv បានបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី៣០ ខែមីនា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី នៅក្នុងទីក្រុងនេះ មានសភាពខ្លាំងក្លា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក។ សកម្មភាពយោធារបស់រុស្ស៊ី បានធ្វើឲ្យប្រជាពលរដ្ឋ ជាង១០០ ០០០នាក់ ជាប់នៅក្នុងទីក្រុងនេះ ហើយមានមនុស្ស ចំនួន២៥នាក់ បានរងរបួស។

មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងមុនការទម្លាក់គ្រាប់បែកនោះថា រុស្ស៊ីបានប្រកាស អំពីការដកកងទ័ពរបស់ខ្លួន ចេញពីតំបន់ នៅជុំវិញរដ្ឋធានីគៀវ (Kyiv) និង ទីក្រុងឆ័រនីហ៊ីវ (Chernihiv) ។ ប៉ុន្ដែក្រុងគៀវ នៅតែមិនទុកចិត្ត ចំពោះការប្រកាសរបស់ក្រុងមូស្គូ នោះឡើយ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «រហូតមកដល់ពេលនេះ មានការចង្អុលបង្ហាញថា កម្លាំងទាហានរុស្ស៊ី កំពុងតែប្រមូលផ្ដុំកម្លាំងឡើងវិញ ដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន»។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ថែមថា «ក្នុងពេលជាមួយគ្នានេះ បើតាមការពិនិត្យមើល ពីអ្វីដែលគេហៅថា ជាការដកកងទ័ពនោះ ទំនងជាការបង្វែរអង្គភាពនីមួយៗ ហើយរុស្ស៊ី មានគោលបំណងបំភ័ន្តភ្នែក ដល់ការដឹកនាំកម្លាំងយោធារបស់អ៊ុយក្រែន ដោយការធ្វើឲ្យយល់ខុសថា កងទ័ពរុស្ស៊ី បានសម្រេចចិត្តដកថយ លែងព្យាយាមឡោមព័ទ្ធ នៅរដ្ឋធានីគៀវ (Kyiv) នេះហើយ។ ប៉ុន្ដែទោះជាយ៉ាងណា ការសន្យារបស់រុស្ស៊ី មិនអាចទុកចិត្តបានឡើយ ហើយអ៊ុយក្រែន នៅតែបន្ដការពារដែនដីរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្នបំផុត៕រក្សាសិទ្ធិដោយ ៖ សារាយSN

×