យោងតាមមន្ត្រីយោធាកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមីនា ប្រទេសនេះបានបាញ់បង្ហោះរ៉ុក្កែតឥន្ធនៈរឹង ទៅកាន់លំហអាកាសដោយជោគជ័យ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សេចក្តីថ្លែងការណ៍ថា «ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) កូរ៉េខាងត្បូងបានធ្វើការសាកល្បងនៅឯកន្លែងបាញ់បង្ហោះនៅតំបន់ Taean ក្នុងខេត្ត South Chungcheong ចម្ងាយ ១៥០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងសេអ៊ូល ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់មីស៊ីលដែលផលិតនេះ។ នេះបើតាមក្រសួងការពារជាតិកូរ៉េ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋមន្ត្រីការពារជាតិ Suh Wook និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ហើយការបាញ់បង្ហោះដោយជោគជ័យនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើនឯករាជ្យភាពក្នុងការឃ្លាំមើលលំហ និងសមត្ថភាពឈ្លបយកការណ៍។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ការបាញ់បង្ហោះនេះបានធ្វើឡើងនៅក្នុង «ពេលវេលាដ៏ក្តៅគគុកមួយ ស្របពេលដែលរបបកូរ៉េខាងជើងថ្មីៗនេះ បានរំលោភលើបម្រាម និងបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)»។
មុននេះ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានសាកល្បងមីស៊ីលឆ្លងទ្វីប Hwasong-17 តាមបញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា មីសុីល Hwasong-17 អាចហោះបានចម្ងាយ ១,០៩០ គីឡូម៉ែត្រ ឈានដល់កម្ពស់អតិបរមា ៦,២៤៨ គីឡូម៉ែត្រ និងបានវាយប្រហារគោលដៅនៅឯសមុទ្រក្នុងអំឡុងពេលធ្វើដំណើរ ៦៧ នាទី។ ការបាញ់បង្ហោះបានបំពេញតាមគោលបំណងបច្ចេកទេស និងបានបង្ហាញថា ICBM ថ្មីរបស់ប្រទេសមួយនេះ អាចត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស ក្នុងពេលសង្គ្រាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






