រថភ្លើងដឹកអ្នកដំណើរ ៣២០ នាក់ ដែលធ្វើដំណើរក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបុករថយន្ត១គ្រឿងដែលកំពុងជាប់គាំងនៅកណ្តាលផ្លូវរថភ្លើង បណ្តាលឲ្យខ្ទេចកំពិតដូចចេកចៀន កាលពីល្ងាចថ្ងៃទី២៦ មីនា នៅក្រុង Peine។
ករណីនេះផ្តើមឡើង គឺនៅពេលដែលស្ត្រីអ្នកបើកបររថយន្តតាមផែនទីនាំផ្លូវ។ យោងតាមប៉ូលីសរដ្ឋបាននិយាយថា បន្ទាប់ពីបត់ឆ្វេង រថយន្តបានបើកទៅលើផ្លូវរថភ្លើងនៅក្នុងក្រុង Vechelde ក្នុងស្រុក Peine ក្នុងរដ្ឋ Lower Saxony ហើយក៏បានជាប់គាំងនៅនឹងកន្លែងតែម្តង។
ដោយបានដឹងពីស្ថានភាពកំពុងមានអាសន្ន ស្ត្រីជាអ្នកបើកបរអាយុ៤៦ឆ្នាំនោះ បានចុះពីរថយន្តទូរស័ព្ទស្វែងរកជំនួយ ប៉ុន្តែមួយសន្ទុះក្រោយមក រថភ្លើង ICE ដែលធ្វើដំណើរក្នុងល្បឿនប្រហែល ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈអ្នកបើកបររថភ្លើងហាក់ដូចជាមិនមានពេលវេលាដើម្បីប្រុងប្រយ័ត្ន និងសារតែភាពងងឹត ក៏បានបុកពេញទំហឹងតែម្តង។ កម្លាំងនៃការបុកបានបណ្តាលឱ្យរថយន្តត្រូវចូលក្រោមរថភ្លើង ហើយអូសចម្ងាយប្រហែល៤០០ម៉ែត្រ។
ប៉ុន្តែ សំណាងល្អដែលមិនមានអ្នកណាម្នាក់រងរបួស នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះទេ។ ក្រោយរយៈពេលជិត១០ម៉ោង ដំណើរការជួយសង្គ្រោះត្រូវបានបញ្ចប់។ ប៉ូលិសរដ្ឋបានប៉ាន់ប្រមាណថា ការខូចខាតមានចំនួន ៣៦ ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា មានស្ថានភាពគួរឱ្យហួសចិត្តជាច្រើនដែលបានកើតឡើង ចំពោះអ្នកបើកបរដែលជឿជាក់លើផែនទីនៅលើរថយន្ត ឬទូរស័ព្ទ ដូចជាការចូលទៅក្នុងផ្លូវមរណៈ ឬគ្រោះថ្នាក់។ អ្នកបើកបរគួរសង្កេតយ៉ាងសកម្ម នូវចម្ងាយឆ្ងាយនៅពេលបើកបរ ជាពិសេសក្នុងស្ថានភាពងងឹត ហើយផ្លូវមានសភាពចម្លែក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

