ភ្នំពេញ ៖ អនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពលម្នាក់ លួចលុយចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង ៥០ ម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។
ជនសង្ស័យឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ សញ្ជាតិខ្មៃរ មុខរបរ អនុប្រធានគ្រប់គ្រងចំណូល នៃក្រសួងរ៉ែ និងថាមពល ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់បានផ្ទុកនូវជំងឺកូវីដ៩ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោរបន្ទប់ឲ្យជាងធ្វើសោរទូដែក គាត់ក៏ឲ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាល ពេលបានសោរហើយជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញ ប្តូរទូដែកថ្មីមកជំនួសវិញ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញ ពេលចូលដល់ក្នុងបន្ទប់ ចាក់សោរយកប្រាក់ឲ្យថ្នាក់ដឹកនាំ ស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដ ទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យ សែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថា ខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែក តែម្ដង។
សមត្ថកិច្ច បានឲ្យដឹងថា សម្ភារៈបាត់បង់រួមមាន៖ នៅក្នុងទូដែករួមមានប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល , ប្រាក់ដុល្លារ១៦០,២៣៧,ដុល្លានិង ៩២សេន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

