ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណវិមាន ឈ្នះ ឈ្នះ និងតាមបណ្តាទីតាំងខេត្ត មានការរៀបចំ «ពិធីបួងសួងសុំ សុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ដើម្បីឈានឆ្ពោះទៅរកសន្តិភាព មួយពិតប្រាកដសម្រាប់កម្ពុជា ក៏ដូចជាបញ្ជៀបនូវការយល់ដឹងរួមគ្នាថា សង្គ្រាមនិងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាទូទាំងប្រទេស ស្មិងស្មាធិ៍ គោរពបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ។
ប្រជាជនកម្ពុជាទូទាំងប្រទេសកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែង។៕ ក្សាសិទ្ធដោយ៖សុទ្ធលី










































